(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងកោតសរសើរចំពោះទឹកចិត្ដ និងការបំពេញកិច្ចការងារ បានយ៉ាងល្អរបស់ក្រុមគ្រូពេទ្យជួរមុខទំាងអស់ ដែលបានលះបង់ និងខិតខំប្រឹងប្រែងតាមដានសុខភាព និងព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា ទំាង១២២នាក់ បានជាសះស្បើយ។
ការថ្លែងបែបនេះ របស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ក្នុងពិធីសំណេះសំណាលជាមួយក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា សូមក្រុមគ្រូពេទ្យជួរមុខទាំងអស់ រួមទាំងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ត្រូវខិតខំពង្រឹង និងពង្រីកចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីត្រៀមលក្ខណៈឆ្លើយតបការឆ្លងជំងឺកូវីដ១៩ នូវការផ្ទុះឡើងរលកទី២។
លើសពីនោះ «ខ្ញុំសូមដើម្បីសម្ដែងនូវអំណគុណ ដល់លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត គិលានុបដ្ឋាក ក្រុមគ្រូពេទ្យជួរមុខ ដែលបានខិតខំព្យាបាលអ្នកជំងឺកូវីដ១៩ ដែលបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ជាពិសេស អ្នកជំងឺកូវីដ១៩ចំនួន២នាក់ចុងក្រោយ ដែលព្យាបាលយូរជាងគេ ត្រូវបានបញ្ជួនមកព្យាបាលមកពីខេត្ត និងនិងលើកទឹកចិត្តឲ្យមានការសាមគ្គីគ្នាជាបន្តទៀត»។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងប្រាប់ដល់ក្រុមគ្រូពេទ្យជួរមុខបន្ថែមទៀតថា «ទោះជាយ៉ាងក្ដីនេះ មិនមែនជាទីបញ្ចប់ទេ ពោលគឺត្រូវរៀបចំខ្លួន ដើម្បីបង្កើនចំណេះវិជ្ជាជាបន្តទៀត ដើម្បីត្រៀមលក្ខណៈ ប្រសិនបើមានជាយថាហេតុណាមួយ មានរលកទី២នៃការឆ្លងជំងឺកូវីដ១៩ ព្រោះថាលើកទី១ យើងធ្វើបានល្អហើយ ដោយព្យាបាលអ្នកជំងឺកូវីដ១៩ទាំង១២២នាក់ បានជាសះស្បើយទាំងអស់ ដោយមិនមានអ្នកជំងឺណាម្នាក់ស្លាប់បាត់បង់ជីវិតឡើយ»។
បន្ថែមពីនេះទៀត រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «ក្រុមគ្រូពេទ្យយើង លោកពូកែណាស់ មានស្មារតីទទួលខុសត្រូវខ្ពស់ពិតមែន តែយើងមិនសម្បូរបច្ចេកវិទ្យា និងមានឧបករណីទំនើបៗដូចនៅស្រុកគេ តែយើងអាចមានសមត្ថភាពក្នុងការទទួលការថែទាំបានល្អ។ ជាជំហានមួយដែល យើងត្រូវគិតគូររៀនបន្ថែមទៀត និងបំពាក់ឧបករណ៍បន្ថែម ធ្វើម៉េចឲ្យមានការរីកចម្រើនទាំងចំណេះដឹង ធនធានមនុស្ស និងឧបករណ៍សម្រាប់ប្រើប្រាស់ ដើម្បីត្រៀមលក្ខណៈឆ្លើយតបការឆ្លងជាយថាហេតុណាមួយ»។
រដ្ឋមន្ត្រីបានបញ្ជាក់ថា «ប្រសិនបើអត់មានឆ្លងជំងឺកូវីដ១៩ជាបន្តទៀតវា គឺជាការល្អ តែបើមាននោះ គ្រូពេទ្យជួរមុខប្រមាណ៦០០នាក់ នៅទូទាំងប្រទេស មានបទពិសោធន៍ និងឧបករណ៍កាន់តែទំនើប យើងនឹងរួមគ្នា ក្នុងការប្រយុទ្ធនឹងជំងឺនេះម្ដងទៀត»។
សូមជម្រាបថា កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១២២នាក់ គិតចាប់ពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០មក ហើយអ្នកជំងឺកូវីដ១៩ ទាំង១២២នាក់នេះ បានជាសះស្បើយជាបន្ដបន្ទាប់រហូតមក ដោយអ្នកជំងឺចុងក្រោយជាស្ត្រីម្នាក់មានអាយុ៣៦ឆ្នាំ មកពីខេត្តបន្ទាយមានជ័យបានជាសះស្បើយ និងបានចេញពីមន្ទីពេទ្យមិត្តភាព ខ្មែរ-សូវៀត កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ៕