(ភ្នំពេញ)៖ មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ (BTIC) គឺជាមជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ព្រមទាំងផ្តល់សេវាបច្ចេកទេស រាប់បញ្ចូលទាំងការបណ្តុះបណ្តាល ដល់អ្នកពាក់ព័ន្ធនានា ដូចជាកសិដ្ឋានចិញ្ចឹមជ្រូក, អ្នកអភិវឌ្ឍន៍គម្រោង, វិនិយោគគិន, អ្នកធ្វើគោលនយោបាយ, ស្ថាប័នហិរញ្ញវត្ថុ និងអ្នកស្រាវជ្រាវ ព្រមទាំងក្រុមហ៊ុនវិស្វកម្មក្នុងស្រុក។
មជ្ឈមណ្ឌល នឹងរួមចំណែក ដល់ការអភិវឌ្ឍថាមពលជីវឧស្ម័ន ដែលជាប្រភពថាមពលស្អាត នៅតាមកសិដ្ឋាន ដើម្បីគាំទ្រអគ្គិសនីកម្មជនបទ ព្រមទាំងរួមចំណែក កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។ បច្ចុប្បន្នប្រភពថាមពលនេះ នៅមិនទាន់មានការប្រើប្រាស់ ទូលំទូលាយនៅឡើយទេ។ មជ្ឈមណ្ឌល BTIC ត្រូវបានបង្កើតឡើងរួមគ្នា ដោយអង្គការសហប្រជាជាតិ ដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
មជ្ឈមណ្ឌលនេះ គាំទ្រដោយគម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការលើកកម្ពស់ឡជីវឧស្ម័នខ្នាតធំ» ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការយូនីដូ ជាមួយនឹងការគាំទ្រហិរញ្ញវត្ថុ ពីមូលនិធិបរិស្ថានពិភពលោក (GEF)។
មជ្ឈមណ្ឌលនេះ ត្រូវបានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ហើយមានទីតាំងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) នៃប្រទេសកម្ពុជា។
មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ មានគោលបំណងរួមមាន៖ * កសាងសមត្ថភាពខាងបច្ចេកទេសថ្នាក់ជាតិ, * ផ្សព្វផ្សាយចំណេះដឹង ស្តីពីបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ * បង្កើតបណ្តាញទំនាក់ទំនង ជាមួយមជ្ឈមណ្ឌលជីវឧស្ម័ននានា និងភាគីពាក់ព័ន្ធនៅក្នុងតំបន់។
មជ្ឈមណ្ឌលនេះ មានចក្ខុវិស័យ ក្លាយជាមជ្ឈមណ្ឌលនាំមុខគេ ក្នុងការអភិវឌ្ឍជីវឧស្ម័នខ្នាតធំ ប្រកបដោយចីរភាព ក្នុងប្រទេសកម្ពុជា។ បេសកកម្ម៖ ផ្តល់ចំណេះដឹង និងព័ត៌មានបច្ចេកវិទ្យាថ្មីៗ ផ្នែកជីវឧស្ម័ន និងវិស័យពាក់ព័ន្ធរួមមាន គោលនយោបាយ, ការកសាងសមត្ថភាព និងការបណ្តុះបណ្តាលផ្អែកតាម តម្រូវការរបស់អតិថិជន, សេវាប្រឹក្សាយោបល់ ការស្រាវជ្រាវ និងអភិវឌ្ឍន៍។
មជ្ឈមណ្ឌលផ្តល់ព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ខិតខំកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់, ធ្វើឲ្យប្រសើរឡើងការគ្រប់គ្រង កាកសំណល់កសិកម្ម ដើម្បីការពារសុខភាពមនុស្ស និងបរិស្ថាន។ មជ្ឈមណ្ឌលនេះ នឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយដៃគូជាតិនិងអន្ដរជាតិ ដើម្បីជំរុញដល់ការប្រើប្រាស់បច្ចេកវិទ្យាប្រសើរបំផុត ដែលអាចរកបាន នៅក្នុងប្រទេសកម្ពុជា ឲ្យកាន់តែទូលំទូលាយ៕