(ភ្នំពេញ)៖ សម្ភារបរិក្ខារពេទ្យសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងសុខាភិបាលកម្ពុជា នៅរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ។
ពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្ដទៅនៅទីស្ដីការក្រសួងសុខាភិបាល ក្រោមអធិបតីភាព រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះស្ថានទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានចូលរួមជាមួយដល់រាជរដ្ឋាភិបាល ដែលកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19) ឱ្យបានកាន់តែឆាប់រហ័ស។
រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ថ្លែងបន្ដថា ជំនួយមនុស្សធម៌នេះ មិនត្រឹមតែចូលរួមចំណែកពង្រឹងសមត្ថភាព ឆ្លើយតបបន្ទាន់ចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាត នៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិត របស់ប្រជាជនកម្ពុជាផងដែរ។
សូមជម្រាបថា សម្ភារបរិក្ខារពេទ្យដែលស្ថានទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា ប្រគល់ជូនដល់ក្រសួងសុខាភិបាល រួមមាន៖ Cycloferon ampoules មាន៥២០កញ្ចប់ និង Cycloferon tables មាន៥២៨កញ្ចប់ ចំនួន ១៧កេស ទម្ងន់៤២គីឡូក្រាម មានតម្លៃសរុប ១១,៩១០.៤០ដុល្លារ៕