(កំពង់ឆ្នាំង)៖ លោកស្រី អ៊ុ អមរារត្ន័ នាយិកាអង្គការសាអូរា បានបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់ជនមានពិការភាពឲ្យចេះតម្បាញដោយដៃ ស្ថិតនៅក្នុងភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវដល់អតិថិជន សប្បុរសជន នៅក្នុងប្រទេស និងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភផ្តល់ហិរញវត្ថុ និងសម្ភារប្រើប្រាស់ ដល់អង្គការសាអូរា។

តាមរយៈបណ្តាញព័ត៌មាន Fresh News លោកស្រីនាយិកា បានឲ្យដឹងថា អង្គការសាអូរា ទើបតែមានអាយុ ៨ខែប៉ុណ្ណោះ កំពុងមានការខ្វះខាត ហើយការសុំជំនួយនេះ ដើម្បីជួយបណ្តុះបណ្តាល វិជ្ជាជីវៈដល់ជនមានពិការភាពឲ្យចាប់យកជំនាញ តម្បាញដោយដៃសម្រាប់ផ្គង់ផ្គង់ជីវភាពរស់នៅ ឲ្យបានប្រសើរឡើងនៅក្នុងសង្គមជាតិ ជៀសផុតពីការពួនសម្ងំរស់នៅតែក្នុងផ្ទះ ឬដើរសុំទានគេដើម្បីរស់។

លោកស្រី អ៊ុ អមរារត្ន័ បានបញ្ជាក់ថា អង្គការសាអូរាត្រូវបានបង្កើតឡើង និងចុះបញ្ជីទទួលស្គាល់ដោយក្រសួងមហាផ្ទៃនៅថ្ងៃ០៩ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីលោកស្រីបានបញ្ចប់ អាហារូបករណ៍រយៈ ពេល១ឆ្នាំ រៀនពីបច្ចេកទេសតម្បាញដោយដៃ និងរៀនអំពីការងារក្នុងភាពជាអ្នកដឹកនាំជនមានពិការភាពនៅប្រទេសជប៉ុន។

លោកស្រីបានបន្តថា មុនពេលបង្កើតអង្គការនេះ លោកស្រីមានសកម្មភាពជួយជនមានពិការភាពរយៈពេល ១០ឆ្នាំហើយ ដោយសារលោកស្រី ក៏ជាជនមានពិការភាពផងដែរ គឺស្វិតជើងខាងឆ្វេង។ ដោយឡែក មុនបានអាហារូបករណ៍ទៅប្រទេសជប៉ុន លោកស្រីជានិសិត្សភាសាសអង់គ្លេសឆ្នាំទី២ ដែលបច្ចុប្បន្នលោកស្រី គឺជាសាស្រ្តាចារ្យបង្រៀនភាសាអង់គ្លេសនៅវិទ្យាល័យព្រះបាទសុរាម្រឹត និងបង្រៀនសាកលវិទ្យាល័យពុទ្ធកៈសិក្សា សីហនុរាជ ខេត្តកំពង់ឆ្នាំង នៅវត្តអារញ្ញ ក្រុងកំពង់ឆ្នាំង និងក្រៅម៉ោងធ្វើការត្រូវបង្ហាត់គួរភាសាអង់គ្លេសនៅផ្ទះ និងធ្វើការនៅក្នុងអង្គការសាអូរា ជានាយប្រតិបត្តិដោយ សារតែអាណិតអាសូរជនមានពិការភាព លោកស្រីបានចំណាយប្រាក់ខែផ្ទាល់ខ្លួនទាំងអស់ ដើម្បីជួយការងារក្នុងអង្គការសាអូរា ឲ្យដំណើរការឡើងជាង៩ ខែមកហើយ។

ទស្សនៈវិស័យរបស់អង្គការសាអូរា រួមមាន៖ ១៖ ចង់ឲ្យជនមានពិការភាពមានឱកាសរៀនជំនាញតម្បាញដោយដៃ, ២៖ ឲ្យជនមានពិការភាព មានការងារធ្វើសមរម្យ, ៣៖ ឲ្យជីវិតជនមានពិការភាពប្រសើរឡើង ដោយមិនចង់ឃើញជនមានពិការសម្ងំពួនតែក្នុងផ្ទះ១០ទៅ២០ឆ្នាំ ឬដើរសុំទានគេដើម្បីរស់នោះឡើយ។ ដោយឡែក ការបណ្តុះបណ្តាលតម្បាញដោយដៃនេះ គឺជាចំណែកមួយជួយឲ្យជនមានពិការភាព មានចលនា ដូចជាការហាត់ប្រាណផងដែរ ចេះគិតគូរក្នុងពេលធ្វើចលនាតម្បាញដោយដៃខ្លួនឯង មានឱកាសមកជួបជុំមិត្តភក្តិដែលមានពិការភាពដូចគ្នា មានបទពិសោធន៍រៀនសូត្រពីគ្នាទៅវិញទៅមក។

ម្យ៉ាងទៀតជនមានពិការភាពដែលមកទទួល ការបណ្តុះបណ្តាលសព្វថ្ងៃសរុបមានចំនួន ១១នាក់ និងបានមករៀនសូត្រជាប្រចាំចន្លោះពី៣នាក់ទៅ៥នាក់ ដោយសារការមករៀនចាំបាច់ត្រូវមានក្រុមគ្រួសារជូនមក មិនអាចធ្វើដំណើរមកដោយខ្លួនឯងបានឡើយ គឺខ្វះមធ្យោបាយជួយដឹកជញ្ជូនជនពិការ។ កន្លែងរៀនសូត្រក្នុងអង្គការខ្វះខាត គ្មានកន្លែងសម្រាប់ជនមានពិការភាព បុគ្គលិកកុងត្រាក្នុងអង្គការមាន៣នាក់ ហើយបុគ្គលិកស្ម័គ្រចិត្តជាយុវជនមាន៨នាក់។

ពាក់ព័ន្ធនឹងផលិតផលតម្បាញដោយដៃ របស់ជនពិការនេះ លោកស្រី អ៉ុ អមរារត្ន័ បានអំពាវនាវថា៖ «សូមអំពាវនាវដល់អតិថិជន សប្បុរសជន មេត្តាជួយឧបត្ថម្ភជាសម្ភារ ឬជួយទិញផលិតផលក្រមា ជាស្នាដៃជនមានពិការភាពក្នុងអង្គការសាអូរា គឺពិតជាបានជួយទំនុកបំរុងឲ្យជនមានពិការភាពមានការងារធ្វើ និងមានជីវភាពប្រសើរឡើងផងដែរ»៕