(ភ្នំពេញ)៖ លោកស្រី ហេង សំអូន អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងលោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសួរសុខទុក្ខព្រមទាំងបាននាំយកអំណោយ និងសម្ភារប្រើប្រាស់មួយចំនួនចែកជូនកុមារកំព្រា និងបុគ្គលបម្រើការនៅបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
តាមការលើកឡើងរបស់លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បច្ចុប្បន្នមណ្ឌលបុរីទារក និងកុមារជាតិមានកុមារកំព្រាជាច្រើននាក់ ដែលរួមមានទាំំងកុមារពិការ និងកាយសម្បទាមិនប្រក្រតី កុមារផ្ទុកមេរោគអេដស៍សរុបចំនួន ១៤០រូប កំពុងស្នាក់នៅក្រោមការគ្រប់គ្រងថែទាំរបស់បុរីទារក និងកុមារជាតិ។
ជាមួយគ្នានោះ លោកស្រីប្រធានបុរីបានសម្តែងអំណរគុណដល់គណៈប្រតិភូ នៃសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានផ្តល់ការឧបត្ថម្ភជួយដល់កុមារងាយរងគ្រោះក្នុងគ្រាកំពុងជួបការខ្វះខាត ជាពិសេសក្នុងស្ថានការណ៍ដ៏លំបាកនៃការរាតត្បាតជំងឺកូវីដ ១៩ ដែលបាននិងកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់កម្ពុជា និងពិភពលោកទាំងមូល។
ថ្លែងក្នុងពិធីនេះ លោកស្រី ហេង សំអូន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក គុណ ញឹម និងបានរំលឹកដល់កុមារ និងបុគ្គលិកដែលកំពុងស្នាក់នៅ និងបំពេញភារកិច្ចនៅបុរីនេះ ត្រូវបន្តការប្រុងប្រយ័ត្នអនុវត្តវិធានការអនាម័យឱ្យបានខ្ជាប់ខ្ជួន ដើម្បីការពារពីជំងឺកូវីត ១៩ ក៏ដូចជាជំងឺដង្កាត់នានា។
មណ្ឌលបុរីទារក និងកុមារជាតិ គឺជាគោលដៅទី៥ នៃការចុះសួរសុខទុក្ខ និងផ្តល់ជំនួយឧបត្ថម្ភរបស់មូលនិធិសប្បុរសធម៌ នៃសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីជួយទ្រទ្រង់ដល់កុមារ និងជនងាយរងគ្រោះក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ជាសកល។
អំណោយដែលសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាំមកជូនមណ្ឌលបុរីទារក និងកុមារជាតិនាថ្ងៃនេះ សម្រាប់ចែកជូនដល់កុមារ និងបុគ្គលិកបម្រើការជាគ្រឿងឧបភោគបរិភោគ និងសម្ភារសម្អាត និងថែរក្សាអនាម័យ ដូចជា អង្ករ ១០បាវ មី ៣កេសធំ ត្រីខកំប៉ុង ២កេសធំ ទឹកស៊ីអ៉ីវ ១០យួរ ភេសជ្ជៈ ១០កេស សាប៊ូដុំលាងដៃ ២កេស សាប៊ូម្សៅ ២កេស ប្រេងកូឡា ៣ឡូ អាល់កុល ២កាន (ស្មើនឹង ៦០លីត្រ) ម៉ាស់ ៥០០បន្ទះ និងឧបករណ៍ស្ទង់កម្តៅ ២គ្រឿង ព្រមទាំងថវិកាមួយចំនួនផងដែរ៕