(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្តិ៍កាកាបទី២ បានបើកប្រតិបត្តិការដេញបង្ក្រាបបានចោរឆក់២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រីម្នាក់បានសម្រេច និងព្យាយាមជិះរត់គេចខ្លួន មកដល់ម្តុំក្បែរវត្តតាំងក្រសាំង ក៏ត្រូវសមត្ថកិច្ចក្របួចជាប់តែម្តង។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងបន្ទាប់ជនសង្ស័យបានធ្វើសកម្មភាពភ្លាមៗ នៅចំណុចផ្លូវបេតុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោក ភា ប្រុស នាយប៉ុស្តិ៍នគរបាលសង្កាត់កាកាបទី២ បានឲ្យដឹងថាជនសង្ស័យទាំង២នាក់រួមមាន៖
*ទី១៖ ឈ្មោះ យុន បញ្ញា ហៅញ៉ អាយុ១៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម
*ទី២៖ ឈ្មោះ សាន សុវណ្ណ អាយុ១៧ឆ្នាំ រស់នៅភូមិច្រេះ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកឌ្រីមសង់សេរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាក់លេខភ្នំពេញ 1IF-0566។
ចំណែកឯជនរងគ្រោះឈ្មោះ ឈឿន យ៉ុម អាយុ៣៧ឆ្នាំ បច្ចុប្បន្នស្នាក់នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ភា ប្រុស បានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានជិះម៉ូតូតាមបណ្តោយផ្លូវបេតុង ដោយដាក់ទូរស័ព្ទនៅក្នុងឃ្លុបហោប៉ៅម៉ូតូ ខណៈនោះក៏លេចមុខក្រុមជនសង្ស័យទាំង២ ជិះម៉ូតូតាមពីក្រោយ រួចជិះចូលគៀកជនរងគ្រោះហើយធ្វើសកម្មភាពឆក់ទូរស័ព្ទបានសម្រេច រួចព្យាយាមជិះរត់គេចខ្លួន មកដល់ចំណុចក្បែរវត្តតាំងក្រសាំងសង្កាត់កាកាបទី២ ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ធ្វើស្ទាក់ក្របួចជាប់ភ្លាមៗតែម្តង និងបានដកហូតទូរស័ព្ទប្រគល់ទៅឲ្យជនរងគ្រោះវិញផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងប៉ុស្តិ៍កំពុងកសាងសុំណុំរឿងបញ្ជូន ទៅកាន់ផ្នែកជំនាញនៃអធិការដ្ឋានចាត់ការតាមផ្លូវច្បាប់៕