(សៀមរាប)៖ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យព្រះចៅអធិការវត្តកេតកន្យារាម ដែលស្ថិតនៅខាងក្រោយប្រាសាទបន្ទាយក្តី សាងសង់សំណង់ព្រះវិហារព្រះពុទ្ធសាសនាថ្មីធ្វើអំពីឈើបែបបុរាណ នៅលើខឿនបេតុងមួយជាន់ ហើយគូសប្លង់ប្រគេនដោយឥតគិតថ្លៃតាមការស្នើសុំ ក្រោយពិនិត្យឃើញថាព្រះវិហារចាស់មានសភាពទ្រុឌទ្រោមខ្លាំង។

ការអនុញ្ញាតនេះក្នុងបំណងអភិរក្សសំណង់ស្ថាបត្យកម្មវត្តបុរាណ ដែលប្រឈមនឹងការបាត់បង់ឱ្យសម្បូរបែបឡើងវិញ ដើម្បីបំពេញតួនាទីស្របតាមតម្រូវការនៃការប្រើប្រាស់របស់ពុទ្ធសាសនិក ការរក្សាបាននូវទម្រង់សំណង់សាសនាបែបបុរាណខ្មែរ ដែលបង្ហាញអំពីវប្បធម៌ជាតិក្នុងការរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផង។

ទាក់ទងនឹងកិច្ចការអភិរក្សសំណង់សាសនាបែបបុរាណ ក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងតែចុះពិនិត្យការសាងសង់ជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។

គិតមកដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ ការសាងសង់សំណង់ព្រះវិហារថ្មីនេះបានរួចរាល់ប្រមាណ ៣៥ ភាគរយហើយ។ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យរហូតដល់ការសាងសង់បានរួចរាល់ ១០០ ភាគរយចៀសវាងកំហុសឆ្គងផ្សេងៗនៃការសង់សង់៕