(ភ្នំពេញ)៖ លោក Bounnhang VORACHIT អគ្គលេខាធិការគណបក្សប្រជាជនបដិវត្ដន៍ឡាវ បានផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងក្រុមគ្រួសារ ចំពោះមរណភាព អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ម្តាយក្មេករបស់សម្តេចតេជោ។

តាមលិខិតរបស់អគ្គលេខាធិការគណបក្សប្រជាជនបដិវត្ដន៍ឡាវ ដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ ព្រមជាមួយគ្រួសារ សូមសម្ដែងនូវការតក់ស្លុតក្រៀមក្រំ និងអាឡោះអាល័យយ៉ាងខ្លាំង ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មិន ត្រឹមតែជាការបាត់បង់ម្ដាយក្មេក ដែលគួរជាទីគោរពស្រឡាញ់ របស់សម្ដេចតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាការ បាត់បង់បុគ្គលសំខាន់ដែលជាទីគោរពស្រឡាញ់ និងបានលះបង់កម្លាំងកាយចិត្ត ដើម្បីគ្រួសារ សាច់ញាតិ និងប្រជាជនកម្ពុជាផងដែរ។

ក្នុងគ្រាដ៏ក្រៀមក្រំនេះ ជាថ្មីម្ដងទៀត ខ្ញុំសូមចូលរួមរំលែកទុក្ខ និងសោកស្ដាយអាឡោះអាល័យបំផុត ជាមួយសម្ដេច និងក្រុមគ្រួសារ ព្រមទាំងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាមជួយថែរក្សាដល់ដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ា ព្រឹទ្ធមហាឧបា សិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍»

សូមជម្រាបថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ៕