(ភ្នំពេញ)៖ គណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំកិច្ចប្រជុំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ ក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៃអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

កិច្ចប្រជុំនេះ បានរៀបចំតាមរយៈប្រព័ន្ធវីឌីអូ ដោយប្រើប្រាស់ប្រព័ន្ធ Intranet របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានរបៀបវារៈដូចតទៅ៖

១៖ ពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ និង
២៖ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ ឆ្នាំ ២០១៦-២០១៩ និងការត្រៀមរៀបចំក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤។

ខ្លឹមសារសំខាន់ៗ តាមរបៀបវារៈនីមួយៗ មានដូចតទៅ៖

១៖ វឌ្ឍនភាពប្រចាំឆ្នាំ ២០១៩ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ការអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆ្នាំ២០១៩ សម្រេចបានវឌ្ឍនភាពល្អប្រសើរ លើគ្រប់ផ្នែកនៃផែនការសកម្មភាពរួម ដំណាក់កាលទី ៣ ក្នុងនោះរួមមានដូចតទៅ៖

* ភាពជឿទុកចិត្តនៃថវិកា នៅតែអាចរក្សាបានជាសារវន្ត ដោយសារប្រសិទ្ធភាព នៃការអនុវត្តផែនការប្រមូលចំណូលសម្រេចបាន ១២៨.២% នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើ ២៧,១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៥.៤% ឬស្មើ ១៩,៧៥១ ប៊ីលានរៀល (ទិន្នន័យបណ្តោះអាសន្ន)។

* ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបាន និងកំពុងកសាងតាមរយៈ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី១ និងទី២ ។ មកពេលនេះ, ប្រព័ន្ធ FMIS ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, រតនាគាររាជធានី-ខេត្ត, មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្ត និងក្រសួង-ស្ថាប័នចំនួន ៣៧។

* ការពង្រឹង និងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្តូរប្រព័ន្ធថវិកាកម្ពុជា ដើម្បីឲ្យក្លាយជាឧបករណ៍ សម្រាប់ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ។ គិតត្រឹមឆ្នាំ២០១៩ ថវិកាកម្មវិធីត្រូវបានដាក់ឲ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តចំនួន១៨ ហើយរដ្ឋបាលរាជធានី-ខេត្តផ្សេងទៀត នឹងត្រូវដាក់ឲ្យអនុវត្តជាបន្តបន្តាប់រហូតដល់ឆ្នាំ២០២១។

* សម្រាប់ការត្រៀមខ្លួនជំហានបន្ទាប់ ឬ គណនេយ្យភាពសមិទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុថ្មី, កែសម្រួលអនុក្រឹត្យ លេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុ លើការចំណាយថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈ និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យអនុវត្តយុទ្ធសាស្រ្ត នៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥, យុទ្ធសាស្រ្តកៀរគរចំណូលឆ្នាំ ២០១៩-២០២៣, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា រដ្ឋបាលថ្នាក់ក្រោមជាតិឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ ២០១៩-២០២៥, យុទ្ធសាស្រ្តស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិ- យោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្តីពីការគ្រប់គ្រងបំណុលសាធារណៈឆ្នាំ ២០១៩-២០២៣ ហើយយុទ្ធសាស្រ្តនីមួយៗ មានផែនការ សកម្មភាពលម្អិត ដើម្បីឲ្យការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

* ជាយន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយជោគជ័យ និងចីរភាព, ក.ស.ហ.វ. បានបណ្តុះបណ្តាល មន្រ្តីរាជការនៃ ក.ស.ហ.វ. និងក្រសួង-ស្ថាប័នចំនួន ១០៥៩ លើជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយកំពុងរៀបចំការបណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្តស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។

២៖ ពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៣ ឆ្នាំ២០១៦-២០១៩ និងការត្រៀមរៀបចំក្រប-ខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី៤ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឆ្នាំ២០១៦-២០១៩ សម្រេចបានវឌ្ឍនភាពតាមការគ្រោងទុក ជាពិសេសលើការ រៀបចំយុទ្ធសាស្រ្ត, ផែនការ និងគោលការណ៍ណែនាំ ដែលបានបង្កើតជាមូលដ្ឋានគ្រឹះ ដើម្បីពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បាននិងកំពុងរៀបចំ របាយការណ៍វាយតម្លៃចំណាយសារណៈនិងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA) ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិឆ្នាំ ២០២០ ដែលមានការគាំទ្រជាជំនួយបច្ចេកទេសពីសហភាពអឺរ៉ុប និងមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលគ្រោងបញ្ចប់ក្នុងឆ្នាំ២០២០នេះ។ លទ្ធផលនៃការវាយតម្លៃការអនុវត្តផែនការសកម្មភាព រួម ដំណាក់កាលទី ៣ និង PEFA នឹងក្លាយជាធាតុចូលដ៏សំខាន់សម្រាប់រៀបចំក្របខណ្ឌផែនការសកម្មភាពរួម ដំណាក់កាលទី ៤ ។

អគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ គ្រប់អង្គភាពក្រោមឱវាទ ក.ស.ហ.វ. បន្តជំំរុញការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៣ និងការងារប្រទាក់ក្រឡាគ្នារវាងការដ្ឋានកែទម្រង់បី បូកមួយ (ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិមជ្ឈការ និងវិសហមជ្ឈការ, រដ្ឋបាលសាធារណៈ និង ច្បាប់និងប្រព័ន្ធយុត្តិធម៌)៕