(ភ្នំពេញ)៖ បញ្ហាប្រជាពលរដ្ឋកម្ពុជាទាំង ១៤៣នាក់ ដែលបានខកខានធ្វើដំណើរកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០កន្លងទៅនោះ, ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី បាននិងកំពុងសម្របសម្រួល ជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី ដើម្បីឲ្យពួកគាត់អាចធ្វើដំណើរត្រឡប់មកកម្ពុជាវិញ នាពេលឆាប់ៗនេះ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។

យោងសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, សម្រាប់អ្នកដែលពុំទាន់បានផ្តល់ព័ត៌មានរបស់ខ្លួនទៅស្ថានទូត សូមប្រញ៉ាប់ទាក់ទងទៅស្ថានទូតតាមរយៈ WhatsApp៖ +60168594868 (កិច្ចការកុងស៊ុល), +601126263390 (កិច្ចការពលករ), និង +85511460505 (កិច្ចការនិស្សិត)។

សេចក្តីជូនដំណឹងដដែល បានបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី នឹងជូនដំណឹងទៅស្ថានទូតវិញ អំពីកាលបរិច្ឆេទហោះហើរនាពេលខាងមុខ។

សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៉ី មានគម្រោងបើកជើងហោះហើរវិញ (ម៉ាឡេស៉ី-កម្ពុជា) នៅក្នុងខែកក្កដា ឆ្នាំ២០២០ខាងមុខ។

លើសពីនេះទៅទៀត សម្រាប់ប្រជាពលរដ្ឋ ពលករ ពលការិនី សិស្ស និស្សិតកម្ពុជា កំពុងស្ថិតនៅប្រទេសម៉ាឡេស៉ី ដែលចង់វិលមកកម្ពុជាវិញនោះ ត្រូវអនុវត្តន៍តាមការណែនាំ ដូចខាងក្រោម៖

១៖ ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាព ដែលបញ្ជាក់ថា គ្មានជំងឺកូវីដ១៩ ចេញដោយអាជ្ញាធរម៉ាឡេស៉ី និងទទួលស្គាល់ដោយរដ្ឋាភិបាលម៉ាឡេស៉ី រយៈពេល ៧២ម៉ោង។

២៖ អ្នកដំណើរទាំងជនជាតិខ្មែរ និងបរទេស ដែលចូលមកកម្ពុជា​ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ និងរង់ចាំទទួលលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
* ក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ ដែលត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ១៩, រាល់អ្នកដំណើរទាំងអស់ ត្រូវឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ នៅទីតាំងដែលកំណត់ដោយ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩។
* ក្នុងករណីអ្នកដំណើរទាំងអស់ ត្រូវបានរកឃើញអវិជ្ជមានកូវីដ១៩នោះ, ពួកគាត់នឹងត្រូវអនុញ្ញតឲ្យធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាល ដោយតម្រូវឲ្យធ្វើតេស្តម្តងទៀត នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖