(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង នាព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យមើលការដ្ឋានស្ថាបនាប្រព័ន្ធលូ ការរៀបចំការរ៉ូឡា រៀបជាសួនច្បារ ជាមួយនឹងការដាំដើមឈើ នៅតាមបណ្ដោយផ្លូវព្រះនរោត្តម និងនៅលើផ្លូវលេខ៤៦២ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ការចុះត្រួតពិនិត្យការដ្ឋានខាងលើ ដើម្បីជំរុញឲ្យការដ្ឋានខាងលើ ដំណើរការទៅដោយរលូន លឿន និងមានគុណភាពស្របតាមស្តង់ដារបច្ចេកទេស ពិសេសឲ្យបានមុនរដូវភ្លៀងនេះ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ការដ្ឋានដែលកំពុងដំណើរការនៅលើ មហាវិថីព្រះនរោត្ដម គឺជាការដ្ឋានដាក់ប្រព័ន្ធលូ បង្ហូរទឹកមុខកាត់១ម៉ែត្រ ការរៀបចំការឺឡានៅចិញ្ចើមផ្លូវ បង្កើតជាសួនច្បារជាមួយនឹងការដាំដើមឈើផងដែរ។ ចំណែកនៅលើកំណាត់ផ្លូវ៤៦២ ការដាក់ប្រព័ន្ធលូក្រុមការងារបានដាក់រួចរាល់ហើយ។

ជាកិច្ចការងារចំពោះមុខ លោក ឃួង ស្រេង បានជំរុញឲ្យរៀបចំការ៉ូឡាតាមចិញ្ចើមផ្លូវនេះឲ្យបានលឿន ស្អាត និងមានគុណភាព ជាមួយការអ៊ុតកៅស៊ូនៅលើបណ្ដោយផ្លូវនេះឲ្យបានស្អាតផងដែរ ដោយចាប់ពីមហាវិថីព្រះនរោត្តមដល់ផ្លូវលេខ៦៣៕