(ភ្នំពេញ)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានបង្ហាញនូវអ្វីដែលជាសមិទ្ធផល ឆ្នាំ២០១៩ និងលើកទិសដៅបន្ដរបស់រដ្ឋបាលខេត្តមួយនេះ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។
អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តមានចំណូលសរុបចំនួន ២៨,៨៧៨,៨០០,០០០រៀល ហើយបានចំណាយលើការងារអភិវឌ្ឍចំនួន ២១,៣២៧,៣០០,០០០រៀល។
ដោយឡែក សម្រាប់វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លទ្ធផលសម្រេចបានសរុបសន្ទូង និងពង្រោះបានចំនួន ១៥៣,៧២៥ ហិកតា ស្មើនឹង១២៣.៤៧% នៃផែនការប្រចាំឆ្នាំចំនួន ១២៤,៥០០ហិកតា ក្នុងនោះ៖ ស្រូវស្រាលចំនួន ៩៥,០០៨ហិកតា ស្រូវកណ្តាល ចំនួន៣៥,៣២៨ហិកតា ស្រូវធ្ងន់ចំនួន១៩,២២៧ហិកតា ស្រូវចំការចំនួន ៧៩៤ហិកតា ស្រូវឡើងទឹក ចំនួន៣,១៦១ហិកតា និងស្រូវបង្កើនរដូវចំនួន ២០៧ហិកតា។ ផ្ទៃដីប្រមូលផលមាន ១៣៩,៨២៤ហិកតា ក្នុងនោះ ស្រូវស្រាលមាន ៨១,៣១៩ហិកតា ស្រូវកណ្តាល ៣៥,៣២៨ហិកតា ស្រូវធ្ងន់១៩,២២៧ហិកតា ស្រូវចំការ៧៩៤ហិកតា និងស្រូវឡើងទឹក ៣,១៥៦ហិកតា។
ដំណាំរួមផ្សំ និងដំណាំ ឧស្សាហកម្មកសិករ ក្នុងនោះ ដំណាំរួមផ្សំ និងសាកវប្បកម្មគ្រួសារកសិករ ជាលទ្ធផលសម្រេចបានចំនួន ១,១៩៣ហិកតា ស្មើនឹង ៩៩.៨៣% នៃផែនការចំនួន ១,១៩៥ហិកតា។ ដំណាំឧស្សាហកម្មកសិករ ជាលទ្ធផលសម្រចបានចំនួន ៣៤,៧៤៨ហិកតា ស្មើនឹង១២៤.៣៤% នៃផែនការចំនួន ២៧,៩៤៦ហិកតា។ រដ្ឋបាលជលផល ស្ថិតិជលផលនេសាទឆ្នាំ២០១៩ អនុវត្តបានចំនួន ៤១,២០០តោន។
លោកអភិបាលខេត្ត បានបន្ថែមថា វិស័យធនធានទឹក និងឧតុនិយម ក្នុងខេត្តមានប្រព័ន្ធធារាសាស្រ្តតូចធំចំនួន ២៩ប្រព័ន្ធ សំណង់បង្ហៀរចំនួន៥កន្លែង ប្រឡាយមេ និងប្រឡាយរងចំនួន១២៦កន្លែង ដែលអាចផ្គត់ផ្គង់សម្រាប់ការស្រោចស្រពដំណាំទាំងរដូវប្រាំង និងរដូវវស្សាលើផ្ទៃដីចំនួន ៨០,០៦០ហិកតា។
សម្រាប់វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ គិតមកដល់ដើមឆ្នាំ២០២០នេះ នៅក្នុងខេត្ដពោធិ៍សាត់មានរោងចក្រធុនធំ សរុបចំនួន ០៥មូលដ្ឋាន និងសហគ្រាសធុនតូច មធ្យម ដែលបានសុំច្បាប់ មានចំនួន ២៧០មូលដ្ឋាន និងសិប្បកម្មដែលមានដើមទុនសមមូលតិចជាង ៣,០០០ដុល្លារ ដែលគិតជាស្ថិតិមានចំនួន ១,៨៦៤មូលដ្ឋាន។ ខណៈវិស័យទេសចរណ៍ ក្នុងឆ្នាំ២០១៩ មានភ្ញៀវទេសចរចូលមកទស្សនាខេត្តពោធិ៍សាត់ចំនួន ភ្ញៀវជាតិ ៥៤៧,៤៥៨នាក់ ភ្ញៀវអន្តរជាតិ៨,០១១នាក់។
អភិបាលខេត្តពោធិ៍សាត់រូបនេះ បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះ គឺបានរួមចំណែកកែលម្អសោភ័ណភាពទីក្រុង ឲ្យមានភាពទាក់ទាញពីប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដើម្បីបម្រើប្រយោជន៍សាធារណៈ និងកំណើនសេដ្ឋកិច្ចសង្គម៕