(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ច្រានចោលព័ត៌មាន ដែលបង្ហោះវីដេអូជាសាធារណៈ តាមបណ្ដាញសង្គម Facebook ឈ្មោះ «Any SD» ដោយបានលើកឡើងថា បុគ្គលិកគ្រឹះស្ថានអិលអូអិលស៊ី បាននិយាយគំរាមរឹបអូសម៉ូតូកង់បី។
លើសពីនោះទៀត Facebook ឈ្មោះ «Any SD» ដោយបានលើកឡើងថា គ្រឹះស្ថានមិនបានសហការ ជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានលក្ខណៈបង្កាច់បង្អួច បំផ្លើសការពិត និងទម្លាក់កំហុស មកលើគ្រឹះស្ថាន ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះយ៉ាងធ្ងន់ធ្ងរ។
តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី សូមបំភ្លឺជូនសាធារណជន ឲ្យបានជ្រាបថា៖
១៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Any SD» និងបុរស ដែលបាននិយាយបំផ្លើសក្នុងវីដេអូ មិនមែនជាភាគី នៃកិច្ចសន្យាខ្ចីបរិភោគ ដែលត្រូវពាក់ព័ន្ធនឹងកាតព្វកិច្ច រវាងគ្រឹះស្ថាន និងអតិថិជនឡើយ។ លើសពីនេះទៅទៀត បុគ្គលទាំងអស់ខាងលើ ពុំធ្លាប់មានទំនាក់ទំនង ឬពិភាក្សាដោះស្រាយជាមួយគ្រឹះស្ថានឡើយ។
២៖ ជាក់ស្តែងអតិថិជន បាននិងកំពុងមានការយឺតយ៉ាវ លើការបង់សងប្រាក់កម្ចីចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ មកម្ល៉េះ ហើយបុគ្គលិកគ្រឹះស្ថាន បានផ្តល់ ដំណោះស្រាយដល់អតិថិជន ដោយឲ្យអតិថិជនដាក់ពាក្យស្នើសុំ រៀបចំឥណទានឡើងវិញ ចុះកិច្ចសន្យាបន្ថែម រួមនឹងតារាងកាលវិភាគបង់ប្រាក់ថ្មី ស្របតាមស្ថានភាព ហិរញ្ញវត្ថុ និងលទ្ធភាពបង់សងជាក់ស្តែងរបស់អតិថិជន ប៉ុន្តែអតិថិជនរូបនេះមិនព្រមសហការធ្វើឯកសារខាងលើជាមួយ គ្រឹះស្ថានឡើយ។
៣៖ អតិថិជនបានស្នើ ឲ្យបុគ្គលិកគ្រឹះស្ថានទៅជួបពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយ នៅផ្ទះដែលជាទីតាំង នៃការថតវីដេអូនោះ។ ខណៈពេលដែលបុគ្គលិក បានទៅដល់ទីតាំងនោះ ស្រាប់តែបុគ្គលទាំងអស់ខាងលើ បានចេញ មកនិយាយបង្កាច់បង្អួចកេរ្តិ៍ឈ្មោះគ្រឹះស្ថាន ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ។
៤៖ ចំពោះការលើកឡើងថា បុគ្គលិកគ្រឹះស្ថាន បាននិយាយគំរាមរឹបអូសម៉ូតូកង់បី ហើយគ្រឹះស្ថានមិនបានសហការ ជាមួយធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាល នោះគឺជារឿងមិនពិត។ កន្លងមក គ្រឹះស្ថានតែងតែប្រកាន់យក ការដោះស្រាយប្រកបដោយភាពទន់ភ្លន់ ការយោគយល់ និងមានវិជ្ជាជីវៈ៕
ខាងក្រោមនេះ ជាសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី ដែលមានខ្លឹមសារទាំងស្រុង៖