(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata បានប្រកាសចាប់ផ្តើមផ្តល់ជំនួយពីមូលនិធិទឹកប្រាក់ចំនួន ១លានដុល្លារបស់ខ្លួន ដើម្បីប្រឆាំងវីរុសកូវីដ១៩ ដល់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (Institut Pasteur du Cambodge), វិទ្យាស្ថានបើកទូលាយ (Open Institute), អង្គការមិត្តសំលាញ់អន្តរជាតិ (Friends International) និងក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications។

អង្គភាពព័ត៌មាន Fresh News ទទួលបានថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថា គម្រោងរបស់ស្ថាប័នក្រុមដំបូង ដែលត្រូវបានអនុម័តដោយគណៈកម្មាធិការ និងដៃគូវាយតម្លៃផ្ដោតលើសកម្មភាពរួមមាន៖

១៖ ការផ្ដល់ឧបករណ៍ធ្វើតេស្ត និងឧបករណ៍ការពារខ្លួនផ្ទាល់ប្រឆាំងវីរុសកូវីដ១៩ រហូតដល់រយៈពេល២ខែ សម្រាប់ការពិនិត្យ និងការធ្វើរោគវិនិច្ឆ័យ ក្នុងនោះមានការធ្វើតេស្តម៉ូលេគុល ដល់អ្នកជំងឺរាប់ពាន់នាក់ ដែលដឹកនាំដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា

២៖ កម្មវិធីភ្នាក់ងារសុវត្ថិភាពកុមារ ដែលផ្ដោតសំខាន់លើបុគ្គល និងសហគមន៍ ដែលមិនមានឱកាសនិងលទ្ធភាព នៅតាមខេត្តចំនួន៧ ដែលដឹកនាំដោយ អង្គការមិត្តសំលាញ់អន្តរជាតិ

៣៖ វេទិកាព័ត៌មាន និងការចូលរួមទាក់ទង និងវីរុសកូវីដ១៩ ដែលមានប្រធានបទ ស្ដីអំពីអាជីព និងការអប់រំ ដែលដឹកនាំដោយក្រុមហ៊ុនសារព័ត៌មាន Southeastern Globe Communications

៤៖ ការអភិវឌ្ឍមាតិកាតាមអនឡាញ សម្រាប់កម្មវិធីរសិក្សាតាមអ៊ីនធឺណិតថ្នាក់ជាតិ ដោយផ្ដល់សំដៅដល់សិស្សថ្នាក់ទី១២ ដោយដឹកនាំដោយវិទ្យាស្ថានបើកទូលាយ។

លោក ថូម៉ាស ហ៊ុន (Thomas Hundt) នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានថ្លែងថា៖ «កម្មវិធីផ្ដួចផ្ដើមទាំងបួនដំបូង ដែលត្រូវបានជ្រើសរើសសម្រាប់ការផ្ដល់ជំនួយមូលនិធិនេះ គឺផ្តោតសំខាន់លើវិស័យដែលយើងគាំទ្រដូចជា៖ បច្ចេកវិទ្យាទូរគមនាគមន៍សម្រាប់វិស័យអប់រំ ការគ្រប់គ្រងគ្រោះមហន្តរាយ ការក្សាចម្ងាយពីគ្នា និងការរក្សាអនាម័យផ្ទាល់ខ្លួន»។

លោកបន្ដថា «បេក្ខជនទាំងអស់ដែលយើងបានសន្យាផ្តល់ជំនួយមូលនិធិនេះ មានការប្តេជ្ញាចិត្តស្របនឹងក្រុមហ៊ុន Smart ដើម្បីជួយប្រទេសកម្ពុជាក្នុងការប្រើប្រាស់ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការផ្តល់អំណាចដល់សង្គម ដើម្បីទប់ស្កាត់ និងជៀសវាងឲ្យផុតពីការឆ្លងរាលដាលវីរុសនេះជាមួយគ្នា ហើយសង្ឃឹមថានឹងផ្លាស់ផ្ដូរជីវិតរស់នៅ មកជាធម្មតាឡើងវិញនាពេលឆាប់ៗនេះ»

មូលនិធិរបស់ក្រុមហ៊ុន Smart ដែលបើកទទួលពាក្យសុំពីស្ថាប័ននានាកាលពីខែមុន មានគោលបំណងផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់សកម្មភាពទាំងឡាយណា ដែលមានសមត្ថភាពចូលរួមដោះស្រាយ តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្ពុជា ក្នុងកំឡុងពេល និងក្រោយពេលមានវិបត្តិ។

មូលនិធិរបស់ក្រុមហ៊ុន Smart ជាទឹកប្រាក់លើសពីការប្តេជ្ញាក្នុងការបរិច្ចាគប្រាក់ចំណូលប្រចាំឆ្នាំទៅក្នុងកម្មវិធីទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ដែលមានច្រើនជាង ១ ភាគរយនៃប្រាក់ចំណូលរបស់ខ្លួន។

ពាក្យស្នើរសុំនៅ បន្តបើកសម្រាប់មូលនិធិជំនួយ ដើម្បីប្រឆាំងវីរុសកូវីដ១៩ របស់ក្រុមហ៊ុន Smart ហើយរាល់សំណើរទាំងអស់ អាចដាក់ស្នើតាមអ៊ីនធឺណិត ដោយផ្អែកលើលក្ខណ្ឌវិនិច្ឆ័យច្បាស់លាស់តាមរយៈ៖ https://bit.ly/3aQsrJV

ការដាក់ស្នើ នឹងត្រូវបានពិនិត្យឡើងវិញយ៉ាងហ្មត់ចត់ដោយគណៈកម្មាធិការផ្ទៃក្នុង មុនពេលបញ្ជូនទៅគណៈកម្មាធិការវាយតម្លៃរួម ដែលមាន ក្រុមហ៊ុន Smart Axiata ក្រុមហ៊ុន Axiata Group និងអ្នកតំណាងឯករាជ្យកម្ពុជាចំនួន ២រូប។

រាល់គម្រោងដែលត្រូវបានអនុម័ត គឺស្ថិតក្រោមការគ្រប់គ្រងអភិបាលកិច្ចយ៉ាងហ្មត់ចត់ ដែលរួមមាន ការធ្វើបច្ចុប្បន្នភាពវឌ្ឍនភាព វាស់ស្ទង់ឥទ្ធិពលនៃការប្ដេជ្ញាចិត្ត និងរបាយការណ៍ការចំណាយច្បាស់លាស់ ដែលជាផ្នែកមួយនៃតម្រូវការរបាយការណ៍ចាំបាច់។

លោក ថូម៉ាស បានបន្តទៀតថា «យើងបន្តស្វែងរកការដាក់ពាក្យសុំបន្ថែមទៀតពីក្រុមហ៊ុនវិស័យឯកជន អង្គការក្រៅរាជរដ្ឋាភិបាល អាជីវកម្មទើបបង្កើតថ្មី ក៏ដូចជាស្ថាប័នអប់រំ និងស្ថាប័នរដ្ឋាភិបាលនៅកម្ពុជាលើគម្រោង (ទាំងគម្រោងមានស្រាប់ និងគម្រោងថ្មី) ដែលបង្ហាញពីផលប៉ះពាល់នៃវីរុសកូវីដ១៩។

សេចក្ដីប្រកាសក្នុងថ្ងៃនេះ ជាការចាប់ផ្តើមនៃគំនិតផ្តួចផ្តើមដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត ដែលនឹងត្រូវទទួលបានជំនួយពីមូលនិធិ ដើម្បីគាំទ្រដល់កម្ពុជា ក្នុងកំឡុងពេលវិបត្តិនេះដែលមិនធ្លាប់មានពីមុនមក»៕

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនិងមូលនិធិដើម្បីប្រឆាំងវីរុសកូវីដ ១៩របស់ក្រុមហ៊ុន Smart សូមចូលទៅកាន់ទំព័រហ្វេសប៊ុក «Smart for Cambodia» www.facebook.com/smartforcambodia ឫ ចូលទៅកាន់ www.smart.com.kh