(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជឈានមុខគេ ក្នុងប្រទេសកម្ពុជា នឹងចុះបញ្ជីមូលបត្រកម្មសិទ្ធិជាផ្លូវការ នៅក្នុងក្រុមហ៊ុនផ្សារ មូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Frseh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០។
ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺជាការបើកទំព័រស័ករាជថ្មី នៃប្រវត្តិជោគជ័យរបស់ធនាគារ ក្នុងនាមជាធនាគារពាណិជ្ជទី១ នៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា។
ទោះបីជាស្ថិតក្នុងដំណាក់កាល នៃការរីករាលដាលនៃជំងឺរាតត្បាត ជាសកលក៏ដោយ ក៏វិនិយោគិនចំនួន ២,៤៩៧ នាក់ បានធ្វើបរិវិសកម្ម (ទិញ) មូលបត្រកម្មសិទ្ធិ របស់ធនាគារ ហើយចំនួននេះ គឺជាចំនួនវិនិយោគិនដែលចូលរួមច្រើនបំផុត សម្រាប់ការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិនៅកម្ពុជាកន្លងមក ហើយក៏បង្ហាញពីភាព ជឿទុកចិត្ត និងគាំទ្ររបស់អតិថិជន និងសាធារណជន ចំពោះធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។ វិនិយោគិនអាចដាក់បញ្ជាទិញ/លក់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ចាប់ពីម៉ោង ០៨៖០០ ព្រឹក នៅថ្ងៃចុះបញ្ជី។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានថ្លែងថា «យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ និងសូមជូនដំណឹងដល់សាធារណជន ទាំងអស់ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងចុះបញ្ជីជាផ្លូវការ នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ»។
តាមរយៈការចូលរួមក្នុងដំណាក់កាល បោះផ្សាយលក់មូលបត្រកម្មសិទ្ធិ ជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី វិនិយោគិនរូបវន្តបុគ្គល និងនីតិបុគ្គល មានឱកាសវិនិយោគជាលើកដំបូង នៅក្នុងធនាគារពាណិជ្ជ ដែលបានចុះបញ្ជីនៅកម្ពុជា។
ភាគហ៊ុនិកសាធារណៈថ្មី របស់ធនាគារ នឹងទទួលបានអត្ថប្រយោជន៍ ពីការរីកចម្រើនរបស់ធនាគារ តាមរយៈភាគលាភ និងចំណេញមូលធន។ ការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិជាសាធារណៈរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទាក់ទាញវិនិយោគិនរូបវន្តបុគ្គលសញ្ជាតិខ្មែរជាច្រើន ចូលរួមវិនិយោគនៅក្នុងក្រុមហ៊ុន ផ្សារមូលបត្រកម្ពុជា នឹងបន្តរួមចំណែកអភិវឌ្ឍផ្សារមូលធនកម្ពុជា»។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន យាន់តា ស៊ីឃ្យួរឹធី (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា «ជាមួយនឹងការចុះបញ្ជីភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាមូលធនូបនីយកម្មទីផ្សារ សរុបរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នឹងកើនឡើង ៣ (បី) ដង។
យើងខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមនៅក្នុងគម្រោងដ៏សំខាន់មួយនេះ ក្នុងនាមជាទីប្រឹក្សា ហិរញ្ញវត្ថុតែមួយគត់របស់ធនាគារ និងដែលបានចូលរួមចំណែក ក្នុងការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជា។
យើងខ្ញុំជឿជាក់ថាធនាគារ អេស៊ីលីដា ភីអិលស៊ី បានបោះជំហានដំបូងដ៏សំខាន់ ដើម្បីក្លាយជាប្រជាធនាគារដ៏ពិតប្រាកដ តាមរយៈការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ លើកដំបូងជាសាធារណៈនេះ។
ក្នុងនាមជាក្រុមហ៊ុនដឹកនាំគម្រោងដ៏សំខាន់នេះ ក្រុមហ៊ុន យាន់តា នឹងបន្តជួយដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនសាធារណៈទាំងអស់ តាមរយៈការបង្កើន សន្ទនីយភាពភាគហ៊ុនធនាគារនៅក្នុងទីផ្សារបន្ទាប់។
យើងខ្ញុំជឿជាក់ថា «ការជួយដល់ក្រុមហ៊ុនបោះផ្សាយក្នុងការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាបន្តបន្ទាប់ និងការប្រើប្រាស់វិធីសាស្រ្តជួញដូរ តាមការចរចា នាពេលអនាគត នឹងជួយបង្កើនសន្ទនីយភាព និងទាក់ទាញ វិនិយោគិនបរទេសបានកាន់តែច្រើន មិនត្រឹមតែសម្រាប់ភាគហ៊ុនរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ប៉ុណ្ណោះទេ ថែមទាំងសម្រាប់ទីផ្សារមូលធននៅកម្ពុជាផងដែរ»៕