(ព្រះវិហារ)៖ ប្រជាពលរដ្ឋក្រីក្រចំនួន១០៨គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ទទួលបានអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការចូលរួមពីលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធានគណះកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងក្រុមការងារកាកបាទក្រហមកម្ពុជាខេត្ត ស្រុកជាច្រើនរូបទៀត។

នៅក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេចតែងយកចិត្តទុកដាក់គិតគូរជានិច្ចពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសប្រជាពលរដ្ឋក្រីក្រ ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដោយមិនប្រកាន់និន្នការនយោបាយ ជាតិសាសន៍ពណ៌សម្បូរនោះទេ ផ្ទុយទៅវិញ ទីណាមានការលំបាក ទីនោះមានក្រុមការងាររាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងកាកបាទក្រហមកម្ពុជាចាំជួយជានិច្ច។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «សកម្មភាពរបស់កាកបាទក្រហមកម្ពុជា ផ្តោតទៅលើការគិតគូរ ជួយសង្រ្គោះដល់បញ្ហាដែលកើតឡើងមកពីគ្រោះធម្មជាតិ មកពីភាពក្រីក្រ មកពីជំងឺឆ្លង។ ដោយឡែក នៅចុងឆ្នាំ២០១៩នេះ ពិភពលោកត្រូវបានឆ្លងកាត់នូវជំងឺកូវីដ១៩ ជាជំងឺមួយឆ្លងតាមផ្លូវដង្ហើម ធ្វើឲ្យបណ្តាលប្រទេសនៅលើពិភពលោក មានការឆ្លងនិងស្លាប់ច្រើនណាស់។ ជាភ័ព្វសំណាងល្អណាស់ ដែលប្រទេសកម្ពុជារបស់យើង មានឆ្លងតែ១២២ករណី ហើយសុទ្ធតែជាករណីដែលមកពីក្រៅប្រទេស តែរហូតមកដល់ពេលនេះត្រូវបានព្យាបាលជាសះស្បើយអស់ហើយ មិនមានអ្នកស្លាប់នោះទេ»។

លោកទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការដែលប្រទេសកម្ពុជាយើង ទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាងជំងឺកូវីដ១៩នេះ ដោយសារតែមានការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានដាក់ចេញនូវវិធានការជាបន្ទាន់។ សម្រាប់ក្រសួងសុខាភិបាល សម្រាប់គ្រប់ស្ថាប័នទាំងអស់ បានដាក់ចេញនូវវិធានការបិទជាបណ្តោះអាសន្ននូវសកម្មភាពមួយចំនួន ដែលមានការប្រមូលផ្តុំ ដូចជាក្លឹបកំសាន្ត ការប្រជុំ ការមីទ្ទិញនិងបិទសាលារៀន...ហើយបញ្ហានេះ មិនមែនធ្វើតែនៅប្រទេសកម្ពុជាយើងទេ ពោលគ្រប់ប្រទេស ប៉ុន្តែបច្ចុប្បន្ននេះប្រទេសមួយចំនួនបានធ្វើការបន្ថូបន្ថយហើយ ដោយសារការឆ្លងមានការថយចុះ។

ជាមួយគ្នានេះដែរ ទេសរដ្ឋមន្ត្រី មាស សុភា ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាអនាម័យជាប្រចាំ ដោយអនុវត្តតាមការណែនារបស់ក្រសួងសុខាភិបាល ដូចជាលាងសម្អាតដៃនឹងសាប៊ូ ឫអាល់កុល ពាក់ម៉ាសការពារពេលស្ថិតក្នុងទីប្រជុំជនជានិច្ច ដោយមិនត្រូវទ្វេសប្រហែសនោះទេ ដរាបណាមិនទាន់មានថ្នាំវ៉ាក់សាំងសម្រាប់ការពារ។

លោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្ត ព្រះវិហារបាននាំថវិកាចំនួន៤០លានរៀល ម៉ាសចំនួន១៥០០០ម៉ាស និងអាល់កុលលាងដៃសម្លាប់មេរោគយកមកប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងឱកាសអបអរសារទរខួបលើកទី១៥៧ ទិវាកាកបាទក្រហអឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០២០ ផងដែរ៕