(ភ្នំពេញ)៖ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានបន្តនាំយកអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា មកឧបត្ថម្ភដល់ប្រជាពលរដ្ឋ មានជម្ងឺ និងជនពិការដែលងាយរងគ្រោះ ចំនួន ៧គ្រួសារ រស់នៅសង្កាត់ច្រាំងចំរេះទី២ ក្រោយពីក្រុមការងារដដែលនេះ ដែលដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមកឧបត្ថម្ភជូន ប្រជាពលរដ្ឋងាយរងគ្រោះបំផុត រស់នៅសង្កាត់ស្វាយប៉ាក ចំនួន៩គ្រួសារ និងរស់នៅសង្កាត់ច្រាំងចំរេះទី១ ចំនួន៥គ្រួសារផ្សេងទៀត ដើម្បីជួយសម្រួល ក្នុងការដោះស្រាយដល់ជីវភាពប្រចាំថ្ងៃ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២០ ប្រជាពលរដ្ឋដែលងាយរងគ្រោះបំផុត រស់នៅសង្កាត់ស្វាយប៉ាក ចំនួន៩គ្រួសារ និងរស់នៅសង្កាត់ច្រាំងចំរេះទី១ ចំនួន៥គ្រួសារ បានបន្តទទួលការជួបសួរសុខទុក្ខ និងឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគ ដើម្បីដោះស្រាយក្នុងជីវភាពប្រចាំថ្ងៃ ពីលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ។
សកម្មភាពមនុស្សធម៌នេះ ក្នុងនាមជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ លោកស្រី អាន ផល្លា ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រារបស់ប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ។
លោកស្រី អាន ផល្លា ជាពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះតែប្រជាពលរដ្ឋ ដែលងាយរងគ្រោះប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ឬមានផ្ទុកមេរោគជាដើម ស្ថិតក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ តាមរយៈអនុសាខាកាកបាទក្រហមកម្ពុជាសង្កាត់-ខណ្ឌ ដឹកនាំដោយលោកស្រី អាន ផល្លា និងលោកស្រី សួស សូលីដា ជាមួយសហការីនេះផងដែរ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ៕