(កំពត)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកអគ្គិសនីកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំ ពិគ្រោះយោបល់ ស្ដីពីការអនុវត្តគម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេចហ៊ុន សែនកំពត។ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីដែលជាតំណាងក្រសួង មន្ទីរ អង្គភាព និងអាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ។
គោលបំណងកិច្ចប្រជុំ នេះ ផ្ដោតសំខាន់លើការចូលរួមពិគ្រោះយោបល់ពីអ្នកពាក់ព័ន្ធសិក្សាពីផលបះពាល់ និងជំរុញឲ្យមានកិច្ចសហការគាំទ្របន្ថែមពីអាជ្ញាធរដែនដី ដើម្បីឈានដល់ការបើក ផ្លូវឲ្យគម្រោងជាតិមួយនេះអាចអនុវត្តការសាងសង់ សម្រាប់ជាវិភាគទាននៃសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តកំពត។
គម្រោងសាងសង់សារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពតនេះ គឺជាគម្រោងមួយអនុវត្តផ្អែកតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ផ្ដល់ជូនអគ្គិសនីកម្ពុជា ដើម្បីអនុវត្តដំណើរការគម្រោងសាងសង់ នៅក្នុងឆ្នាំ២០២០នេះ នឹងអាចត្រូវបញ្ចប់នៅឆ្នាំ២០២២ខាងមុខ ដែលមានទីតាំង ស្ថិតនៅតំបន់សហគមន៍ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» លើផ្ទៃដីកោះទំហំ ៨,៦០ហិចតា នៅក្នុងភូមិសាស្ត្រភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូខេត្តកំពត។
ទោះបីយ៉ាងណាគម្រោងនេះ នៅមិនទាន់ឲ្យដឹងពីទំហំ នៃការប្រើប្រាក់ថវិកានៅឡើយ ប៉ុន្តែទំហំការកសាងនូវហេដ្ឋារចនាសម្ព័ន្ធមានច្រើនគួរសមបម្រើឱ្យទាំងការសិក្សាស្រាវជ្រាវបទពិសោធន៍ និងចង់ដឹងពីបច្ចេកវិទ្យាវិស័យវារីអគ្គិសនីនៅកម្ពុជា និងបំរើឲ្យវិស័យទេចរណ៍ក្នុងតំបន់នៃខេត្តកំពតនេះផងដែរ។
លោកអភិបាលខេត្ត ជាវ តាយ បានសំដែងការគាំទ្រ ដល់ការអនុវត្តនូវគម្រោងជាតិដ៏មានសារៈសំខាន់មួយនេះឡើង ក្នុងស្មារតីឆន្ទៈ សហការ ដើម្បីធ្វើយ៉ាងណាឱ្យការអនុវត្តគម្រោងសម្រេចបាន ជាសមិទ្ធផល របស់ប្រទេសជាតិ ជាប្រវត្តិសាស្រ្ត សម្រាប់បម្រើប្រយោជន៍សាធារណៈ ពិសេសក្នុងវិស័យទេចរណ៍ នៅតំបន់រមណីយដ្ឋានទឹកឈូខេត្តកំពត។
លោក កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ដោយសារកម្ពុជាយើងបច្ចុប្បន្នមានវ៉ារីអគ្គិសនីច្រើនគួរសម ហើយការប្រមូលផ្ដុំចំណេះដឹង បទពិសោធន៍នៅនឹងកន្លែងដូចស្រុកគេ ដើម្បីជាការស្រាវជ្រាវរៀនសូត្រស្វែងយល់ ដល់សាធារណជនទូទៅ នៅពុំទាន់មាននៅឡើយទេ។
ដូច្នេះគោលដៅនៃគម្រោងនេះដែរ គឺផ្តោតសំខាន់លើបញ្ហាពីររួមមាន៖
*ទី១៖ សំដៅការបង្កើតឲ្យមានជាបណ្ដុំវ៉ារីអគ្គិសនី នៅតាមបណ្ដាខេត្តទាំងឡាយមួយចំនួន ដែលមានក្នុងប្រទេសកម្ពុជា សម្រាប់ផ្ដល់ការចង់ដឹងរបស់អ្នកទេសចរណ៍ជាតិ អន្តរជាតិ ឬប្រជាពលរដ្ឋខ្មែរ ទាំងអស់ មកកំសាន្តនៅទីនេះ ដោយគ្រាន់តែចូលមកមើលក្នុងសារមន្ទីរនេះ អំពីប្រព័ន្ធវ៉ារីអគ្គិសនីនៅកម្ពុជា គឺអាចដឹងបានដោយមិនចាំបាច់ទៅមើលដល់ទីកន្លែងឡើយ។
*ទី២៖ ការដាក់ឧទ្យានជាតិនេះ គឺសំដៅ ចង់ឲ្យមានការទាក់ទាញទេសចរណ៍ជាតិ អន្តរជាតិ ឬក៏ឲ្យប្រជាពលរដ្ឋមកកំសាន្តនៅតំបន់នេះកាន់តែច្រើន និងក៏ជាសមិទ្ធផលថ្មី របស់ជាតិ ក៏ដូចជាសមិទ្ធផលសម្រាប់ខេត្តកំពតផងដែរ។
លោក កែវ រតនៈ ក៏បានបញ្ជាក់ឲ្យដឹងពីឈ្មោះគម្រោងសារមន្ទីរថាមពលកើតឡើងវិញ និងឧទ្យានជាតិសម្ដេច ហ៊ុន សែន កំពត ដែលបានដាក់បង្ហាញក្នុងកិច្ចប្រជុំពេលនេះ ថាគឺជាឈ្មោះគម្រោងបណ្ដោះអាសន្នមួយប៉ុណ្ណោះ បើថ្ងៃក្រោយយើងមានថាមពលខ្យល់ ឬព្រះអាទិត្យបន្ថែមទៀត យើងនឹងអាចកែប្រែឡើងវិញ៕