(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានចុះសំណេះសំណាលសួរសុខទុក្ខ នាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងរបស់សាខាកាកបាទក្រហមខេត្ត សរុប១៩៧កញ្ចប់ ទៅចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះ មានជីវភាពខ្វះខាត ទីទាល់ក្រចំនួន៥០ គ្រួសារ នៅបរិវេណវិទ្យាល័យក្រូចឆ្មារ និងពលករកំពុងដាក់ខ្លួននៅដាច់ដោយឡែកចំនួន ២៧នាក់ នៅសាលាបឋមសិក្សាប៉ើស១ និង១២០កញ្ចប់ទៀត ផ្តល់ជូនទៅអនុសាខាកាកបាទក្រហមស្រុកក្រូចឆ្មារ ចែកជូនពលរដ្ឋជនងាយរងគ្រោះក្នុងមូលដ្ឋានរបស់ខ្លួនបន្ត។
សកម្មភាពនេះ បានធ្វើឡើងដោយមានការដឹកនាំពីលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត, លោក ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយអភិបាលរងខេត្ត អាជ្ញាធរស្រុក និងក្រុមការងារជាច្រើនរូបទៀត។
លោក ជាម ច័ន្ទសោភ័ណ បានពាំនាំប្រសាសន៍ផ្តាំផ្ញើដោយក្តីនឹករលឹក ពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋជាចនងាយរងគ្រោះទាំងអស់ ក្នុងស្រុកពញាក្រែក ដោយក្តីនឹករលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាល តែងតែគិតគូរខ្វល់ខ្វាយពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយនោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាក ទីនោះគឺមានសម្តេចទាំងទ្វេ»។
លោកអភិបាលខេត្ត គូសបញ្ជាក់ថា ដោយសារការឈ្វេងយល់ និងដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឃុំគ្រងការសាយភាយជំងឺកូវីដ១៩ ដែលធ្វើឲ្យស្ថានការណ៍ជំងឺនេះនៅកម្ពុជាមានលក្ខណៈល្អប្រសើរ គឺអាចគ្រប់គ្រង និងការពារការឆ្លងបន្តបាន ប៉ុន្តែទោះជាយ៉ាងនេះក្តី មិនត្រូវភ្លេចខ្លូននោះឡើយ។
ឆ្លៀតក្នុងឱកាស លោក ជាម ច័ន្ទសោភ័ណ បានក្រើនរំលឹកថា «បើទោះបីនាពេលនេះ អ្នកឆ្លងជំងឺកូវីដ១៩នៅកម្ពុជា ត្រូវបានក្រសួងសុខាភិបាល ប្រកាសថាជាសះស្បើយទាំងអស់ទៅហើយក្តី តែយើងមិនត្រូវភ្លេចខ្លួននោះឡើយ ដោយអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន នៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ខ្លួន ត្រូវរក្សាអនាម័យជាប់ជានិច្ច មិនត្រូវជួបជុំ ឬប្រមូលផ្តុំគ្នានោះទេ»។
លោកបន្ថែមថា អាជ្ញាធរស្រុក ឃុំ យុវជនកាកបាទក្រហម ស.ស.យ.ក ត្រូវរួមសហការគ្នាបញ្ជ្រាបការយល់ដឹង និងវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល និងរដ្ឋបាលខេត្តដែលបានដាក់ចេញ ឲ្យជ្រួតជ្រាបដល់ពលរដ្ឋក្នុងសហគមន៍ ធ្វើយ៉ាងណាដើម្បីការពារទប់ស្កាត់ ការឆ្លងរីករាលដល់ជំងឺកូវីដ១៩ជាថ្មី ដែលជារលកទី២នោះ។
សូមបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនជនងាយរងគ្រោះ ៥០គ្រួសារ និង១២០គ្រួសារទៀត ផ្តល់ជូនអនុសាខាកាកបាទក្រហមស្រុកក្រូចឆ្មារ សម្រាប់ចែកបន្ត ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម ទឹកត្រី ទឹកស៉ីអ៉ីវ ត្រីខ មី ប្រេងឆា ម៉ាស អាកុល និងថវិកាចំនួន ២ម៉ឺនរៀល។ ដោយឡែក ចំពោះពលករទាំង២៧នាក់ ទទួលបានគ្រឿងឧបភោគបរិភោគដូចគ្នា និងថវិកាក្នុងម្នាក់ ១០ម៉ឺនរៀល៕