(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជានាយក នៃសមាគមបេសកកម្មដំណឹងល្អ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យធ្វើអំពើល្អឲ្យបានច្រើន ដើម្បីរស់នៅសុខដុមរមនា។
ការអំពាវនាវបែបនេះរបស់លោក ខាន់ ខុន នៅក្នុងពិធីចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះចំនួន ៨០គ្រួសារ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែនថ្ងៃទី២១ ខែឧសភា ឆ្នា ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីលោក ហេង ចេង ទីប្រឹក្សាក្រសួងធម្មការ និងសាសនា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃប្រិយសម្ព័ន្ធគ្រីស្ទបរិស័ទកម្ពុជា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋយ៉ាងច្រើន។
លោក ខាន់ ខុន បានបន្តថា សមាគមបេសកកម្មដំណឹងល្អជាអង្គការគ្រីស្ទបរិស័ទក្នុងស្រុក ដែលបង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយពីជំនឿគ្រីស្ទបរិស័ទលើព្រះយេស៊ូវគ្រីស្ទ និងជួយរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈការងារមនុស្សធម៌ តាមលទ្ធភាពដែលខ្លួនអាចធ្វើបាន។
លោកបានបន្តទៀតថា ជានិច្ចកាលសមាគមបេសកកម្មដំណឹងល្អតែងតែយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋងាយរងគ្រោះ ចាស់ជរា ជនពិការ ស្ត្រីមេមាយ កុមារកំព្រា ឬជនងាយរងគ្រោះដោយប្រការផ្សេងៗ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង គ្រួសារងាយរងគ្រោះ ស្ត្រីមេម៉ាយ និងចាស់ជរា ទទួលបានអំណោយមនុស្សធម៌របស់សមាគមនបេសកកម្មដំណឹងល្អ ដើម្បីជួយសម្រាលនូវទុក្ខលំបាកបានមួយរយៈទោះបីជាអំណោយដែលចែកពេលនេះបន្តិចបន្តួចក៏ពិតមែន។
ជាមួយគ្នានេះដែរលោក ខាន ខុន ក៏បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគិតគូរពីបញ្ហាការថែទាំសុខភាព ដោយបរិភោគទឹកស្អាត គេងក្នុងមុងជានិច្ច និងសម្អាតបរិស្ថានជុំវិញផ្ទះ ចៀសវាងការកើតមាននូវជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។ ម្យ៉ាងទៀត ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កើនការដាំដុះដំណាំចម្រុះផ្សេងៗ ដើម្បីធ្វើយ៉ាងណាលើកស្ទួយកម្រិតជីវភាពរស់នៅឱ្យមានលក្ខណៈសមរម្យ និងកាត់បន្ថយការចំណាយប្រចាំថ្ងៃ។
លោកក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះផ្គររន្ទះ ខ្យល់កន្ត្រាក់ ត្រូវអប់រំកូនឲ្យជៀសឆ្ងាយពីគ្រឿងញៀន និងពេលបើកបរត្រូវពាក់មួកសុវត្ថិភាព នឹងដាក់ខ្សែក្រវាត់ ដើម្បីចៀសវាងគ្រោះថ្នាក់ចរាចរណ៍ និងចូលរួមទប់ស្កាត់នូវជម្ងឺកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលត្រូវចែកជូនបងប្អូនចំនួន ៨០គ្រួសារដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ទឹកត្រី អាហារបំប៉សុខភាព និងសម្ភារៈមួយចំនួនទៀត។ គួរបញ្ជាក់ថាប្រជាពលរដ្ឋ ៨០គ្រួសារ ក្នុងនោះឃុំសាលាវិស័យ ៤០គ្រួសារ និងសង្កាត់ស្រយ៉ូវ ៤០គ្រួសារ៕