(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធករណីបោកប្រាស់លុយ ចំនួន១.៥លានដុល្លារអាមេរិក រឿងលក់ដីខ្យល់ជិត២០០ហិចតា នៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បញ្ជាក់ថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចចាប់ខ្លួននេះ រួមមាន ទី១៖ឈ្មោះ រស់ សុគន្ធ អាយុ៤០ឆ្នាំ, ទី២៖ឈ្មោះ ផាត់ សុខកាន ភេទស្រី អាយុ៤០ឆ្នាំ និងទី៣៖ឈ្មោះ អ៊ុង ប៊ុនថន អាយុ៥៤ឆ្នាំ។ ជនសង្ស័យទាំងបីនាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃទី២០ ខែឧសភា នៅខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ យ៉ន សេងហាន បានឲ្យដឹងថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ខ្លួនបានធ្វើកិច្ចសន្យា ស្ដីពីការទិញលក់ដីធ្លីជាមួយឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន លើផ្ទៃដីទំហំ១៩១ហិចតា ដែលមានទីតាំងនៅភូមិស្ដុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ។

បន្ទាប់ពីបានចុះកិច្ចសន្យាទិញលក់ដីធ្លីរួចមក ជនរងគ្រោះបានធ្វើការទូទាត់ប្រាក់ថ្លៃទិញដីឲ្យទៅឈ្មោះ រស់ សុគន្ធ និងឈ្មោះ អ៊ុង ប៊ុនថន ជាបន្ដបន្ទាប់រហូតគ្រប់ចំនួន ១,៥០០,០០០ដុល្លារ។ ជនរងគ្រោះបានបន្ដថា យោងតាមកិច្ចសន្យាខ្លួនមានសិទ្ធិឈូសឆាយដើម្បីអភិវឌ្ឍន៍លើដី និងមានសិទ្ធិអាស្រ័យផល ធ្វើការពុះឡូតិ៍ ឬជួលជូនអតិថិជន។

ចំពោះការឈូសឆាយជនរងគ្រោះបានទាក់ទងទៅជនសង្ស័យទាំង៣នាក់ខាងលើ ដើម្បីឲ្យពួកគេស្នើសុំច្បាប់អនុញ្ញាតឈូសឆាយ ពីរដ្ឋបាលស្រុកឧដុង្គ តែត្រូវបានអ្នកទាំងបីគេចវេសរហូត ដោយមានការសង្ស័យ ជនរងគ្រោះបានឲ្យមេធាវីធ្វើពាក្យស្នើសុំអនុញ្ញាតច្បាប់ឈូសឆាយដី ទៅរដ្ឋបាលស្រុកឧដុង្គដោយផ្ទាល់។

ក្រោយមកខាងរដ្ឋបាលស្រុកឧដុង្គ បានឆ្លើយតបវិញថា ឯកសារពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី របស់ឈ្មោះ អ៊ុង ប៊ុនថន និងពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លី របស់ឈ្មោះ រស់ សុគន្ធ គឺជាឯកសារក្លែងក្លាយ ដែលជាឯកសារយកមកចុះកិច្ចសន្យាទិញលក់ដីធ្លី ដើម្បីឆបោកប្រាក់ជាមួយជនរងគ្រោះ។

បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី៕