(ភ្នំពេញ)៖ អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន កន្លងទៅត្រូវបានប្រជាពលរដ្ឋសាទរ និងស្ញប់ស្ញែងនូវអ្វីដែលលោកបានធ្វើ ពាក់ព័ន្ធការដោះស្រាយវិវាទផ្សេងៗជូនប្រជាពលរដ្ឋ តាមរយៈការហៅភាគីទាំងអស់មកជួបទល់មុខគ្នា ហើយស្វែងរកដំណោះស្រាយរួម និងសមស្របណាមួយជូនពួកគាត់។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់រដ្ឋបាលខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ លោក ម៉ៅ ធនិន បានបញ្ជាក់ថា ជាទូទៅក្នុងមួយសប្ដាហ៍លើតែងជួបដោះស្រាយប្រជាពលរដ្ឋ ចំនួន២ដង គឺរៀងរាល់ថ្ងៃអង្គារ និងថ្ងៃសុក្រ ឬថ្ងៃព្រហស្បត្តិ៍ ដែលយន្ដការនេះ ធ្វើឡើងតាំងពីលោកកាន់តំណែងជាអភិបាលខេត្តមកម្ល៉េះ។
អភិបាលខេត្តរូបនេះ បានអះអាងថា យន្ដការដែលធ្វើឡើងនេះ គឺទទួលបានលទ្ធផលល្អ ដែលក្នុងនោះមានទាំងជម្លោះរវាងប្រជាពលរដ្ឋ ជាមួយក្រុមហ៊ុន, រវាងប្រជាពលរដ្ឋ ជាមួយដីសម្បទាសង្គមកិច្ច, រវាងប្រជាពលរដ្ឋ ជាមួយប្រជាពលរដ្ឋ, រវាងប្រជាពលរដ្ឋជាមួយអាជ្ញាធរ និងជម្លោះផ្សេងៗជាច្រើនទៀត។
លោក ម៉ៅ ធនិន បានបន្ថែមទៀតថា នៅពេលប្រជាពលរដ្ឋមកដោះស្រាយនៅសាលាខេត្តហើយមិនទាន់ចប់ លោកនឹងចារលិខិតនោះ ទម្លាក់ទៅស្រុក ដើម្បីរដ្ឋបាលស្រុកដោះស្រាយ។ ក្នុងរយៈពេល៧ថ្ងៃ ប្រសិនបើស្រុកដោះស្រាយមិនចេញ ត្រូវធ្វើរបាយការណ៍ឡើងមកខេត្ត ដើម្បីលោក ដឹកនាំមន្ទីរពាក់ព័ន្ធ ចុះទៅទីតាំងជម្លោះជាក់ស្ដែងតែម្ដង៕