(ភ្នំពេញ)៖ រយៈពេល២១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២១ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣២០១១គ្រឿង ក្នុងនោះម៉ូតូ ២៣៤៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨៥៦៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមលោកឧត្តមសេនីយ៍ឯក, បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសភ្លើងសញ្ញា គ្មានស្លាកលេខ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ និងគ្មានស្លាកលេខ។
រយៈពេល២១ថ្ងៃនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ថយចុះ៩២លើក ស្មើនឹង៣៩% (១៤៣/២៣៥លើក), ស្លាប់ថយចុះ២៧លើក ស្មើនឹង២៦% (៧៧/១០៤លើក), របួសថយចុះ១៣៧នាក់ ស្មើនឹង៤០% (២០២/៣៣៩នាក់)។ ប៉ុន្តែ បើប្រៀបធៀបរយៈពេលនេះ នឹងរយៈពេលដូចគ្នា ក្នុងខែមេសា ឆ្នាំ២០២០ឃើញថា គ្រោះថ្នាក់ថយចុះ៤០លើក ស្មើនឹង៣៩% (១៣៤/១៨៣លើក), ស្លាប់ថយចុះ១៣នាក់ ស្មើនឹង១៤% (៧៧/៩០នាក់), របួសថយចុះ៩៧នាក់ ស្មើនឹង៣២% (២០២/២៩៩នាក់)។
លោកបានបន្តថា រយៈពេល ២១ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ដែលជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ៕