(ភ្នំពេញ)៖ លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានធ្វើការពន្យល់ពីការបិទក្រុមហ៊ុននាំចូលជ្រូកមួយ ដែលបំពានគោលការណ៍របស់ក្រសួងកសិកម្ម ដែលនាំចូលជ្រូកលើសចំនួនកំណត់ និងបន្លំប្រើប្រាស់លិខិតបញ្ជាក់សុខភាពរបស់ក្រុមហ៊ុនផ្សេង។
ការពន្យល់ពីការបិទក្រុមហ៊ុននាំចូលជ្រូកមួយល្មើសគោលការណ៍ របស់អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពី ការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជា ដែលរៀបចំធ្វើឡើងនៅអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
លោកអគ្គនាយកបញ្ជាក់ថា ក្រសួងបានអនុញ្ញាតឲ្យគោលការណ៍ ក្រុមហ៊ុនាំចូលជ្រូកពីប្រទេសជិតខាងចំនួន៧ក្រុមហ៊ុនប៉ុណ្ណោះ ដោយបែងចែកនូវចំនួនស្មើៗគ្នា។ ប៉ុន្តែមានក្រុមហ៊ុនមួយបានបំពានច្បាប់ ដោយដឹកលើសចំនួន និងបានប្រើប្រាស់នូវលិខិតបញ្ជាក់សុខភាពសត្វ របស់ក្រុមហ៊ុនផ្សេង ដែលជាហេតុធ្វើប៉ះពាល់ ដល់សុខភាពសត្វ ប្រសិនបើកសត្វនោះមានបញ្ហា។
លោក តាន់ សុផាន់ណារ៉ា បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «មូលហេតុដែលយើងបិទក្រុមហ៊ុននៅពេលបច្ចុប្បន្ន ទៅតាមអ្វីដែលក្រុមហ៊ុនបានសន្យាថា បើខ្លួនធ្វើខុសនឹងឈប់រកស៊ីពាក់ព័ន្ធនឹងសត្វទៀតហើយ [...] គាត់ទទួលកំហុសពីការដឹកជញ្ជូនខុសច្បាប់ខុសពីលិខិតអនុញ្ញាតដឹកជញ្ជូន ខុសពីគោលការណ៍របស់ក្រសួងកសិកម្ម ហើយគាត់បានធ្វើខុសម្តងទៀត។ ការពិតអ្វីដែលសំខាន់ ក្នុងកំណត់បទល្មើសជាក់ស្តែង គឺក្រុមហ៊ុនគាត់បានប្រើលិខិតបញ្ជាក់សុខភាពរបស់ក្រុមហ៊ុនផ្សេង ដែលនេះជាចំណុចសំខាន់»។
លោក តាន់ សុផាន់ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ការបន្ថយនេះខ្ញុំសូមជម្រាបជូនថា នៅពេលដែលយើងចាប់ផ្ដើមកាត់ នៅអំឡុងពេលខែកុម្ភៈ បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ នៅពេលដែលចាប់ផ្ដើមកាត់ គឺយើងមិនបានកាត់ ឬបិទក្រុមហ៊ុនណាមួយនោះទេ ដែលបានដំណើរការកន្លងមក អ្វីដែលយើងបានអនុវត្ដ គឺយើងបានកាត់បន្ថយចំនួននាំចូលជ្រូក [...] ចំនួនក្រុមហ៊ុននៅដដែល ប៉ុន្ដែយើងកាត់បន្ថយចំនួន»។
លោក តាន់ សុផាន់ណារ៉ា បានឲ្យដឹងថា ដោយមានការយកចិត្ដទុកដាក់ ក្នុងការកាត់បន្ថយចំនួនជ្រូកដែលនាំចូលក្នុងស្រុក ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ណែនាំដល់លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យចាប់ផ្ដើមកាត់បន្ថយចាប់ពីខែកុម្ភៈ ឆ្នាំ២០២០។
លោក តាន់ សុផាន់ណារ៉ា បានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន រួចមកអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក៏បានចាប់ផ្ដើមអនុវត្ដ កាត់បន្ថយការនាំចូលសត្វជ្រូករស់នាំចូលចំនួនប្រមាណ៧០ភាគរយ ដើម្បីឲ្យផ្ដល់លទ្ធភាព ដល់អ្នកចិញ្ចឹមជ្រូក ក៏ដូចជាសហគមន៍ចិញ្ចឹមសត្វក្នុងស្រុក អាចបានផ្គត់ផ្គង់វិញម្ដង។
ជាមួយគ្នានោះ លោក តាន់ សុផាន់ណារ៉ា ក៏បានប្រាប់ដល់សាធារណជនទាំងអស់ ឲ្យបានជ្រាបផងដែរ នាយកដ្ឋានសុខភាព និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺអនុវត្ដតាមអនុសាសន៍របស់ប្រមុខដឹកនាំសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជារដ្ឋមន្ដ្រីកសិកម្ម ដោយមិនបានកាត់បន្ថយចំនួនក្រុមហ៊ុននាំចូលជ្រូកទេ, នាយកដ្ឋានសុខភាព និងផលិតកម្មសត្វ កាត់បន្ថយតែចំនួននាំចូលប៉ុណ្ណោះ។
ក្នុងឱកាសនោះ អគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ ក៏បានសម្ដែងនូវការអបអរសាទ ចំពោះបងប្អូនចិញ្ចឹមសត្វ និងសហគមន៍ចិញ្ចឹមសត្វទាំងអស់ ដោយលោករដ្ឋមន្ដ្រីក្រសួងកសិកម្ម បានឯកភាពតាមសំណើររបស់សហគមន៍ ពាក់ព័ន្ធទៅនឹងការបិទការនាំចូលសត្វ ទៅខេត្តព្រះសីហនុ ដើម្បីឲ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបាន៕