(ភ្នំពេញ)៖ ក្នុង១ឆ្នាំៗ កម្ពុជាត្រូវបានខាតបង់ប្រាក់ប្រហែលជាង៤០០លានដុល្លារនៃការនាំចូលសត្វជ្រូក។ នេះបើតាមបញ្ជាក់ របស់តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការរឹតបន្តឹងការនាំចូលសត្វជ្រូករស់ចូលមកកម្ពុជា នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងមួយឆ្នាំ គ្រាន់តែយកលុយទិញជ្រូក ពីបរទេស៤០០លានដុល្លារ ហើយបើគិតទាំងមាន់ ទា និងបន្លែ កម្ពុជាត្រូវចំណាយជិត១ពាន់លានដុល្លារ»។
តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា បើសិនយកលុយ១ពាន់លានដុល្លារនេះ បានមកចិញ្ចឹមក្នុងស្រុកវិញ នឹងធ្វើឲ្យមានការកាត់បន្ថយ ការចំណាយស្រុក របស់ប្រជាពលរដ្ឋទៅក្រៅប្រទេស ដោយមិនពិបាករកការងារធ្វើនៅក្នុងស្រុកនោះទេ។
ជាមួយគ្នានោះ តំណាងសមាគមអ្នកចិញ្ចឹមសត្វកម្ពុជារូបនេះ ក៏សូមអំពាវនាវដល់អ្នកនាំចូល ក៏ដូចជាអ្នកចិញ្ចឹមសត្វទាំងអស់មកធ្វើការវិនិយោគនៅស្រុក ឲ្យបានច្រើន ព្រោះថាវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានឱកាសធំណាស់។
លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានឲ្យដឹងថា តម្លៃសត្វជ្រូករស់នៅពេលបច្ចុប្បន្ននេះ មានស្ថិរភាពល្អ ចន្លោះពី១១០០០-១២០០០រៀល ដែលបង្ហាញថា ចំណាត់ការរបស់ក្រសួងកសិកម្មលើការរឹតបន្តឹងការនាំចូលជ្រូក ធ្វើឲ្យវិស័យចិញ្ចឹមជ្រូករស់ឡើងវិញ។
បើតាមការបញ្ជាក់របស់ លោក តាន់ សុផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ បានអះអាងថា កម្ពុជាអាចនឹងលែងពឹងផ្អែកការនាំចូលទាំងស្រុង ក្នុងរយៈពេល២ ឬ៣ឆ្នាំខាងមុខ ប្រសិនបើគ្មានជួបបញ្ហាជំងឺរាតត្បាត ប៉ះពាល់ដល់ការចិញ្ចឹមសត្វទេនោះ។
ជាមួយគ្នានេះ លោកក៏បញ្ជាក់ថា ក្រសួងកសិកម្មបានសម្រេចបិទការនាំចូលសត្វ ទៅខេត្តព្រះសីហនុ ដើម្បីឲ្យសហគមន៍ចិញ្ចឹមសត្វ ក៏ដូចជាកន្លែងចិញ្ចឹមសត្វធំៗ អាចផ្គត់ផ្គង់នៅទីនោះបានផងដែរ។ នៅខេត្តព្រះសីហនុ មានតម្រូវការនាំចូលជ្រូក១៤០ក្បាលក្នុង១ថ្ងៃ។
សូមជម្រាបថា គិតមកដល់បច្ចុប្បន្ន នៅកម្ពុជា មានសមត្ថភាពផ្គត់ផ្គង់ទីផ្សារជ្រូក ក្នុងស្រុកប្រមាណ៨២ភាគរយ តម្រូវការនាំចូលមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ។ សត្វជ្រូក ដែលកំពុងចិញ្ចឹមទាំងអស់នៅកម្ពុជា មានចំនួន២.៣លានក្បាល៕