(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ទិន្នន័យអត្តសញ្ញាណកម្មពិការភាពមានសារសំខាន់ណាស់សម្រាប់ជួយដល់ជនមានពិការភាពគ្រប់រូបក្នុងប្រទេសកម្ពុជាយើង។ លោកបានបញ្ជាក់ថា ការរៀបចំ និងគ្រប់គ្រងទិន្នន័យអត្តសញ្ញាណពិការភាព គឺជាមូលដ្ឋានគ្រឹះដ៏មានសារសំខាន់ ដើម្បីជួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួង ស្ថាប័នពាក់ព័ន្ធ អ្នកផ្តល់សេវាពិការភាព អ្នកធ្វើការសិក្សាស្រាវជ្រាវ ក្នុងការការអភិវឌ្ឍន៍ និងអនុវត្តកម្មវិធីសំដៅជួយដល់ជនមានពិការភាពគ្រប់រូបបានទទួលសេវាប្រកបដោយសមធម៌ និងបរិយាបន្ន ដើម្បីរួមចំណែកលើកកម្ពស់សិទ្ធិ និងសុខុមាលភាពជនមានពិការភាពអោយកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោក ញ៉ឹក វណ្ណារ៉ា ក្នុងនាមតំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិចំនួន៣២ ដែលធ្វើការក្នុងវិស័យពិការភាព ដើម្បីប្រមូលធាតុចូលក្នុងគោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលរៀបចំធ្វើនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។
បន្ថែមពីលើនេះ លោក ញ៉ឹក វណ្ណារ៉ា បានសម្តែងនូវការកោតសរសើរចំពោះ នាយកដ្ឋានសុខុមាលភាពជនពិការ ដែលបានសហការជាមួយអង្គការយូនីសេហ្ចប្រចាំកម្ពុជា ដែលបានយកចិត្តទុកដាក់កសាងសេចក្តីព្រាងគោលការណ៍ណែនាំនេះឡើង ដែលមានរួមបញ្ចូលទាំងយន្តការថ្នាក់ជាតិ ថ្នាក់រាជធានីខេត្ត ថ្នាក់ក្រុង ស្រុក ខណ្ឌ និងថ្នាក់ឃុំសង្កាត់។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច ក៏បានគិតគូយ៉ាងល្អិតទាំងដំណើការកំណត់អត្តសញ្ញាណកម្មពិការភាព ផែនការប្រមូលទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការផ្តល់បណ្ណពិការភាពសម្រាប់ជនមានពិការភាពសម្រាប់យកទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងការទទូលបានរបបគោលនយោបាយ ពីរដ្ឋាភិបាលស្របតាមលក្ខណៈវិនិច្ឆ័យនៃកម្មវិធី សម្រួលដល់ការជ្រើសរើសជនមានពិការភាព ចូលបម្រើការងារតាមក្រសួងស្ថាប័នរដ្ឋ និងឯកជន សេវាធ្វើដំណើរសាធារណៈដោយមិនគិតថ្លៃ ការចូលទស្សនាទីកន្លែងកម្សាន្តសាធារណៈ ការពិនិត្យសុខភាពនៅមូលដ្ឋានសុខាភិបាល និងមណ្ឌលស្តារកាយសម្បទាមិនគិតថ្លៃ ចូលរួមក្នុងសកម្មភាពសិល្បៈ កីឡា និងវប្បធម៌ជាតិអន្តរជាតិ និងសេវាផ្សេងៗទៀតជាដើម។
ក្នុងឳកាសនោះដែរ ក្នុងនាមតំណាងក្រសួងសង្គមកិច្ច លោក ញ៉ឹក វណ្ណារ៉ា សូមថ្លែងអំណរគុណចំពោះ សហភាពអឺរ៉ុប និងស៊ុយអែត ដែលបានឧបត្ថមមូលនិធិតាមរយៈអង្គការយូនីសេហ្វប្រចាំកម្ពុជា ដើម្បីអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាព ដល់ឆ្នាំ២០២២។
លោក មានជំនឿយ៉ាងមុតមាំថា តាមរយៈមូលនិធិនេះ នឹងធ្វើអោយទិន្នន័យពិការភាពនៅកម្ពុជា មានភាពជាក់លាក់ មានស្តង់ដារច្បាស់លាស់សម្រាប់ប្រើជាប្រយោជន៍ដល់បងប្អូនមានពិការភាព ដូចបណ្តាប្រទេសអាស៊ានមួយចំនួន និងប្រទេសអភិវឌ្ឍក្នុងសាកលលោក៕