(កំពង់ចាម)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាតំណាង លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា អ្នកអាចភ្លេចកូវីដ ១៩ តែកូវីដ១៩ មិនភ្លេចអ្នកទេ ប្រសិនបើខ្វះការប្រុងប្រយ័ត្ន ខ្វះអនាម័យ និងមិនគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ។
លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងក្នុងពិធីផ្តល់សម្ភារៈអនាម័យ ការពារកូវីដ ១៩ ដូចជាអាល់កុល ម៉ាស់ពេទ្យ និងជែលលាងដៃ នៅក្នុងខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តត្បូងឃ្មុំ ដល់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហព័ន្ធជនមានពិការភាព អង្គការតំណាងជនពិការ និងក្រុមជួយខ្លួនឯងនៃជនពិការ ។
ជាមួយគ្នានោះ លោកបានសម្តែងនូវការកោតសរសើរចំពោះ នាយកដ្ឋានសុខុមាលភាពជនពិការ ដែលបានយកចិត្តទុកដាក់អនុវត្តការងារបច្ចេកទេសដើម្បីការពារជនមានពិការភាពពីដូវីដ១៩ ដែលបានផលិតនិងបោះពុម្ភផ្ទាំងរូបភាពអប់រំកូវីដ១៩និងពិការភាព និងបានចែកផ្សាយទូទាំងប្រទេស បានផលិតស្ពតវិទ្យុអប់រំកូវីដ១៩ ចំនួន០២សម្រាប់ជនមានពិការភាពភ្នែក។
កម្មវិធីទាំងអស់នេះ បានចាក់ផ្សាយតាមវិទ្យុគ្រប់រាជធានីខេត្ត បានផលិតវីដេអូអប់រំចំនួន០៣ បានផ្សព្វផ្សាយតាមបណ្តាញសង្គម និងកំពុងរៀបចំចាក់ផ្សាយតាមស្ថានីទូរស្សន៍ និងជាពិសេសបានបង្កើតក្រុមការងារឆ្លើយតបរហ័ស សម្រាប់អន្តរាគមន៍ និងបានជួយបកប្រែភាសាសញ្ញាសម្រាប់មនុស្សថ្លង់ ក្នុងកម្មវិធីសន្នីសីទសាព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលសហការនិងផ្សាយតាមបណ្តាទូរទស្សន៍មួយចំនួន ក្នុងនោះក៏មានទូរទស្សន៍ព័ត៌មាន Fresh News ជាដើម។
ក្រសួងសង្គមកិច្ច ក៏ទើបបានទទួលជំនួយឧបត្ថមជាសម្ភារៈអនាម័យនេះពីស្ថានទូតអូស្រ្តាលី តាមរយៈកម្មវិធី ACCESS ហើយបន្តចែកជូនតាមបណ្តាខេត្តគោលដៅចំនួន៩ រួមមានខេតកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។
បន្ថែមពីលើនោះ លោក ញ៉ឹក វណ្ណារ៉ា បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់សម្ភារៈអនាម័យដល់ជនពិការ ក្នុងពេលនេះ គឺជាការលើកកំពស់សុខុមាលភាពដល់ជនមានពិការភាពក្នុងខេត្តទាំងប្រាំបួន អោយជៀសផុតពីជំងឺកូវីដ១៩ ពិសេសបង្ការកុំឲ្យមានការរីករាលដាលរលកទី២ នៃជំងឺដ៏កាចសាហាវនេះ៕