(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំសានគរ (ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ចំនួន២,៤៧៣ក្បាលដី។
លោក អ៊ុន បុត្ត អភិបាលស្រុកកំពង់ស្វាយ បានឲ្យដឹងថា បណ្ណកម្មសិទ្ធិ ចំនួន២,៤៧៣ក្បាលដីនេះ មានដីសាងសង់ ៧៩០ក្បាលដី, ដីផលិតកម្មកសិកម្ម ១៦៦៨ក្បាលដី, ដីសាលាឃុំ០១ក្បាលដី, ដីទួលកប់ខ្មោច០៨ក្បាលដី, ដីសាលារៀន០២ក្បាលដី, ដីត្រពាំង០៣ក្បាលដី, ដីទួលអ្នកតា០២ក្បាលដី និងដីគ្មានទិន្នន័យ៨៧ក្បាលដី។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានលើកឡើងថា ដើម្បីរក្សា និងការពារបង្គោលឲ្យស្ថិតស្ថេរគង់វង្សជានិច្ច សូមប្រជាពលរដ្ឋ លោកមេឃុំ ចៅសង្កាត់ គ្រប់ឃុំសង្កាត់ លោកអភិបាលក្រុង ស្រុក ដែលមានបង្គោលប្រថពីវិភាគ ដែលបានដាំរួចហើយ ស្ថិតនៅលើទីតាំងក្នុងរង្វង់សមត្ថកិច្ចរបស់ខ្លួន ត្រូវជួយថែរក្សា ការពារបង្គោលទាំងនោះឲ្យបានល្អ និងគង់វង្ស និងយកប្លង់កម្មសិទ្ធិនេះទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ។
លោកអភិបាលខេត្ត បានបន្តទៀតថា យោងតាមច្បាប់ភូមិបាល បានកំណត់ថា ជនណាដែលបានលើកចេញរំកិលចេញ បំផ្លាញចោលនូវមង្គោលស៊ីម៉ង់ត៍ ដោយចំណុចឋានលេខា និងទីតាំងផ្លាកសញ្ញាសូរិយោដី ត្រូវទទួលការព្រមានពី អាជ្ញាធរមានសមត្ថកិច្ច។ ក្នុងនោះ លោកបានសង្កត់ធ្ងន់ទៅលើប័ណ្ណកម្មសិទ្ធិដីធ្លី សូមកុំអ៊ុតរឹងឲ្យសោះ ព្រោះធ្វើឲ្យមានការពិបាកប្រើប្រាស់នៅពេលមានការផ្ទេរប្លង់កម្មសិទ្ធិ។
ជាមួយគ្នានេះ លោក សុខ លូ បានអំពាវនាវដល់ប្រជាពលរដ្ឋអាជ្ញាធរក្រុង ស្រុក ត្រូវចុះពិនិត្យអនាម័យតាមរមណីយដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ចូលរួមការពារជំងឺកូវីដ១៩ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ និងគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ៕