(ភ្នំពេញ)៖ បន្ទាប់ពីធ្វើការតវ៉ាជាថ្មី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ បុគ្គលិកសណ្ឋាគារ The Great Duke ដែលគេធ្លាប់ស្គាល់ថា ជាអតីតសណ្ឋាគារអាំងទែកង់ទីណង់តាល់នោះ បានទទួលដំណោះស្រាយពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយក្រសួងសន្យាថា នឹងផ្តល់ប្រាក់សំណងជូននៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់ពីលោក ទូច កុសល ប្រធានសហព័ន្ធសហជីពកម្មករ និយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF) ដែលតំណាងឲ្យបុគ្គលិករបស់សណ្ឋាគារ១៥២នាក់ ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ទូច កុសល បានបញ្ជាក់ឲ្យដឹងថា នៅព្រឹកមិញបន្ទាប់ពីមានការតវ៉ាជាថ្មី លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ បានចុះមកជួបជាមួយបងប្អូនកម្មករ និងបានអះអាងពីការចេញមុខដោះស្រាយជូនកម្មករ ដោយប្រើប្រាស់ថវិកាបុរេហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់សំណងជូនកម្មករ នៅសប្តាហ៍ក្រោយ។
លោក កុសល បានបញ្ជាក់ទៀតថា ទឹកប្រាក់សំណងជូនកម្មកររបស់សណ្ឋាគារ មានប្រមាណជាង៣០ម៉ឺនដុល្លារអាមេរិក។ ដោយឡែកចំពោះបញ្ហាសណ្ឋាគារវិញ គឺក្រសួងការងារ ជាអ្នកទទួលខុសត្រូវដោះស្រាយជាមួយនៅពេលក្រោយ។
សូមរំលឹកថា សណ្ឋាគារផ្កាយ៥ ដែលមានវ័យចំណាស់មួយ នៅរាជធានីភ្នំពេញ ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ បានប្រកាសបិទទ្វារឈប់ដំណើរការចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ សណ្ឋាគារមួយនេះបើកនៅឆ្នាំ១៩៩៦ ជាកេរ្តិ៍តំណែលរបស់មហាសេដ្ឋី ថេង ប៊ុនម៉ា៕