(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០នេះ បានបង្ហោះរូបភាពមួយសន្លឹកនៅរង្វង់មូលកាំកូស៉ីធី ដោយបញ្ជាក់ពីសកម្មភាពល្មើសច្បាប់របស់អ្នកបើកបរ និងសំណូមពរដល់អ្នកល្មើសច្បាប់ទាំងនោះ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសំណូមពរយ៉ាងដូច្នេះថា៖ «សូមចូលរួមគោរពគំនូសសញ្ញាចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ការឈប់មិនត្រឹមត្រូវអាចបង្កការគ្រោះ ថ្នាក់ចរាចរណ៍ និងបណ្តាលឲ្យមានការកកស្ទះ»។
ជាមួយគ្នានេះ ប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យនគរបាលចរាចរណ៍ផ្លូវគោក ពង្រឹងបន្ថែមទៀតពាក់ព័ន្ធនឹងការចតរង់ចាំភ្លើងសញ្ញាចរាចរណ៍ ដោយបំពានគំនូសសញ្ញាចរាចរណ៍ មិនគោរពភ្លើងសញ្ញាចរាចរណ៍ និងការជិះបញ្ច្រាសទិសដៅចរាចរណ៍ជាដើម។
ជាក់ស្តែង រូបភាពមួយសន្លឹកខាងលើនេះ បានបញ្ជាក់ថា ជាបទល្មើសមួយនៅចំណុចភ្លើងស្តុបរង្វង់មូលកាំកូស៉ីធី ដោយបានឈប់រង់ចាំភ្លើងសញ្ញាចរាចរណ៍ និងបំពានគំនូសសញ្ញាចរាចរណ៍។ ហេតុដូច្នេះ សមត្ថកិច្ចគួរតែពង្រឹងនូវចំណុចទាំងនេះបន្ថែមទៀត ស្របពេលដែលការអនុវត្តរឹតបន្តឹងចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យថ្មី បាននិងកំពុងប្រព្រឹត្តទៅដោយភាពល្អប្រសើរ។
សូមបញ្ជាក់ថា រយៈពេល២១ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១-២១ ខែឧសភា ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៣២០១១គ្រឿង ក្នុងនោះម៉ូតូ ២៣៤៤៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៨៥៦៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។
យោងតាមអនុក្រឹត្យលេខ៣៩ ស្ដីពីការពិន័យអន្ដរការណ៍ចំពោះអំពើល្មើសច្បាប់ចរាចរណ៍ មាត្រា៧ថ្មី បានកំណត់ច្បាស់ថា «អ្នកបើកបរខុសទិសចរាចរណ៍ ឬបើកបរជាន់គំនូសបង្ហូតកណ្ដាលទ្រូងផ្លូវ ត្រូវពិន័យ ១៥០,០០០រៀល សម្រាប់រថយន្ដធុនស្រាល និងពិន័យ ១០០,០០០រៀល សម្រាប់ម៉ូតូ»៕