(ស្ទឹងត្រែង)៖ កសិករនៅភូមិហាងខូបាន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានស្វែងរកបច្ចេកទេសចិញ្ចឹម និងថែទាំសត្វទា ពីមន្ត្រីជំនាញខាងផ្នែកកសិកម្ម ក្នុងពេលដែលគាត់សម្រេចចិត្តជាលើកដំបូង ដោយចិញ្ចឹមសត្វទាជាង ៥០០០ក្បាល ដើម្បីធ្វើជាគំរូនៅក្នុងខេត្តនេះ តែទទួលបានទិន្នផលមិនសូវល្អឡើយ ដោយសារមិនទាន់ចេះពីបច្ចេកទេសនៃការចិញ្ចឹម និងថែទាំ។
ក្នុងកិច្ចសម្ភាសជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោកស្រី ឡុង ស៉ីថា បានបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មុខរបរចិញ្ចឹមទា មិនសំបូរបែបដូចនៅខេត្តព្រៃវែងទេ ដោយសារនៅខេត្តនេះលក្ខណៈភូមិសាស្ត្រ មានស្ថានភាពមិនអំណោយផល។ ចំណែកកសិករយើងភាគច្រើន និយមដាំតែដំណាំកសិកម្ម ជាបន្លែបង្កាតែប៉ុណ្ណោះ។
លោកស្រីថា ការចិញ្ចឹមទានេះ គាត់មិនទាន់បានទទួលការហាត់រៀនបច្ចេកទេសពីមន្ត្រីជំនាញកសិកម្មនោះទេ គឺអនុវត្តន៍តាមតែលក្ខណៈធម្មតា ដែលធ្វើឱ្យការការងារចិញ្ចឹតាមអាកាសធាតុប្រែប្រួល ពងមិនគ្រប់តាមការកំណត់ឡើយ។ លោកស្រីបានឲ្យដឹងថា ពីដំបូងឡើយទាជាង ៥០០០ក្បាលនេះ ផ្តល់ពងបានតែត្រឹម១០០ ទៅ២០០គ្រាប់តែប៉ុណ្ណោះ។
លោកស្រី ញឹប សាឯម អ្នកផ្តល់ចំណីទានៅកសិដ្ឋានខាងលើ បានអះអាងថា មុខរបរចិញ្ចឹមសត្វជាផ្នែកមួយជួយកែប្រែជីវភាពរស់នៅបាន ដោយមិនបាច់ធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេស ស្របពេលពិភពលោក កំពុងត្រូវបានរាតត្បាតដោយជំងឺកូវីដ១៩។ លោកស្រីថ្លែងថា បរិមាណទាជាង ៥០០០ក្បាលនេះ បានចិញ្ចឹមជាងមួយឆ្នាំមកហើយ តែបច្ចុប្បន្នការនាំយកស៊ុតទៅផ្គត់ផ្គង់ទីផ្សារ នៅក្នុងខេត្តមិនទាន់បានឆ្លើយតបតាមការចង់បានឡើយ ដោយសាខ្វះបច្ចេកទេសក្នុងការថែទាំ។
លោកស្រីបញ្ជាក់ថា «ចង់សំណូមពរឱ្យក្រុមកសិកម្មមកបង្ហាត់បង្រៀនឱ្យនាងខ្ញុំចេះ ព្រោះថាចង់បានឱ្យទទួលផលបានច្រើនព្រោះឥលូវនេះ ចេះតែចិញ្ចឹមទេ អត់ដឹងថាការថែទាំដូចម៉េច។ ខ្ញុំចង់សំណូមពរឱ្យឲ្យជំនាញជួយបង្ហាត់បង្រៀនបច្ចេកទេស ការចិញ្ចឹម និងថែទាំសត្វទា មកបង្ហាត់បង្រៀនដល់នាងខ្ញុំផង»។
សូមបញ្ជាក់ថា មុខរបរចិញ្ចឹមសត្វនៅខេត្តស្ទឹងត្រែង មិនទាន់រីកចម្រើននៅឡើយទេ ព្រោះខ្វះផ្នែកដៃគូជួយគាំទ្រ ហើយការបណ្តុះបណ្តាលពីមន្ត្រីជំនាញកសិកម្មក៏នៅមានកម្រិតដែរ៕