(ភ្នំពេញ)៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញលទ្ធផល នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ សម្រាប់សប្ដាហ៍ទី៣ គិតចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ដោយសមត្ថកិច្ចបានរកឃើញ និងផាកពិន័យយានយន្ដល្មើសច្បាប់ សរុបចំនួន៨,២២៧ករណី។
យោងតាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងចំណោមយានយន្ដដែលល្មើសនេះ មានទោសចក្រយានយន្ដ និងត្រីចក្រយានយន្ដ ចំនួន៥,៩៨១ករណី ស្មើនឹង៧២ភាគរយ និងរថយន្ដគ្រប់ប្រភេទ ចំនួន២,២៩៦ករណី ស្មើនឹង២៨ភាគរយ។
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ថា ក្នុងរយៈពេលមួយសប្ដាហ៍ទី៣នេះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤លើក ស្មើនឹង២២ភាគរយ ស្លាប់ថយចុះ៩នាក់ ស្មើ២៤ភាគរយ និងរបួសថយថុះ១៦នាក់ ស្មើ១៧ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាខែមេសា ឆ្នាំ២០២០៕