(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានឲ្យមន្ត្រី និងអាជ្ញាធរមានសមត្ថកិច្ច បន្តចុះផ្សព្វផ្សាយ ពីវិធានការការពារនៃការចម្លងកូវីដ-១៩ ដើម្បីបញ្ចៀសនូវហានិភ័យ នៃរលកទីពីរ របស់ជំងឺនេះ។
លោកបានអំពាវនាវដល់គ្រប់អង្គភាព ស្ថាប័ន អាជ្ញាធរ គ្រឹះស្ថាន វិស័យឯកជន និងប្រជាពលរដ្ឋទូទៅ ត្រូវតែបន្តអនុវត្តវិធាន ការការពារខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩នេះ ដើម្បីការពារការចម្លងជំងឺកូវីដ១៩ ពីបុគ្គលម្នាក់ ទៅកាន់បុគ្គលម្នាក់ទៀត តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ជាក់ស្ដែងនៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ មន្ត្រីនៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដែលដឹកនាំដោយលោកស្រី លី វណ្ណៈ ប្រធានការិយាល័យឱសថ បានចុះផ្សព្វផ្សាយ អប់រំ ណែនាំ ដល់អាជីវករ អ្នកលក់ដូរ នៅតាមដងផ្លូវ៦០ម៉ែត្រ នៃតំបន់អង្គរឃ្យុងយូ សង្កាត់ស្លក្រាម ក្រុងសៀមរាប នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីបញ្ចៀសនូវហានិភ័យ នៃរលកទីពីរ ការចម្លងកូវីដ-១៩។
ក្នុងពេលដែលក្រុមការងារចុះផ្សព្វផ្សាយដោយផ្ទាល់ នៅតាមទីតាំងលក់ដូរម្ហូប ចំណីអាហារ ពីកន្លែងលក់មួយ ទៅកន្លែងលក់មួយទៀត លោកស្រីថ្លែងថា ដើម្បីបញ្ចៀសនូវហានិភ័យ នៃរលកទីពីរនៃការចម្លងកូវីដ-១៩ នៅក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ គណៈបញ្ជាការឯកភាពខេត្ត ដែលដឹកនាំដោយលោក ទៀ សីហា បានឲ្យមន្ត្រី និងអាជ្ញាធរមានសមត្ថកិច្ច បន្តចុះផ្សព្វផ្សាយ នូវវិធានការទាំងនេះ ដល់អង្គភាព ស្ថាប័ន អង្គភាព គ្រឹះស្ថាន វិស័យឯកជន អាជីវករ អ្នកលក់ដូរ ភោជនីយដ្ឋាន អាហារដ្ឋាន និងប្រជាពលរដ្ឋទូទៅ ត្រូវតែបន្តអនុវត្តវិធាន ការការពារខ្លួនជាចាំបាច់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ។
លោកស្រី លី វណ្ណៈ បានបន្តឲ្យដឹងទៀតថា សម្រាប់ការផ្សព្វផ្សាយ អប់រំ ណែនាំ ដល់អាជីវករ និងអ្នកលក់ដូរ ម្ហូប ចំណីអាហារ នៅតាមដងផ្លូវ ៦០ម៉ែត្រ នារសៀលថ្ងៃនេះ ផ្ដោតទៅលើ ៤ចំណុចសំខាន់ ដោយប្រកាន់យកនូវការអនុវត្តអនាម័យដៃស្អាត (លាងដៃញឹកញាប់), ការពាក់ម៉ាស ការប្រើក្រម៉ា ឬក្រដាស់ជូតមាត់ ខ្ទប់មាត់ពេលមានក្អក ឬកណ្ដាស់ ពិសេសចំពោះអ្នកចម្អិតម្ហូប ចំណីអាហារ (ចុងភៅ) និងគ្រប់អ្នកបម្រើការនៅកន្លែងលក់ដូរទាំងនេះ, បន្តអនុវត្តនូវគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ គឺត្រូវការរៀបដាក់តុ កៅអី សម្រាប់ទទួលភ្ញៀវ ឲ្យមានចន្លោះនៃគម្លាតពីគ្នាប្រកបដោយសុវត្ថិភាព, និងត្រូវមានអាកុលសម្រាប់ជូត លាងសំអាតដៃជាប្រចាំ។
លោកស្រី ក៏បន្តជំរាបជូនដល់អាជីវករ និងអ្នកលក់ដូរទាំងនោះ ថា៖ ប្រសិនបើក្នុងករណីមិនបានអនុវត្ត តាមវិធានការការពារចម្លង និងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ទាំងនេះទេនោះ កន្លែងលក់ដូរ ភោជនីយដ្ឋាន និងអាហារដ្ឋាន ប្រឈមនឹងការបិទកន្លែងលក់ដូរ ឬកន្លែងធុរកិច្ចនោះជាចាំបាច់ ក្នុងរយៈពេលមួយសប្ដាហ៍ ពីរសប្ដាហ៍ ឬត្រូវបិទរហូតដល់ពេល ដែលគ្មានរលកសញ្ញានៃការចម្លងវីរុសកូវិដ-១៩នេះ។ ហើយការឈានដល់ការអនុវត្ត នៃការបិតទីតាំងដែលមិនបានអនុវត្តវិធានការពីសំណាក់មន្ត្រី អាជ្ញាធរមានសមត្ថកិច្ច គឺដើម្បីបញ្ចៀសនូវរាល់ហានិភ័យ នៃរលកទីពីរនៃការចម្លងវិរុសកូវីដ-១៩។
លោកស្រីក៏បានបញ្ជាក់ផងដែរថា តាមការចង្អុលបង្ហាញពីគណៈអភិបាលខេត្ត ខាងមន្ត្រី អាជ្ញាធរមានសមត្ថកិច្ច នឹងបន្តចុះផ្សព្វផ្សាយ តាមដាន ត្រួតពិនិត្យ នៅតាមកន្លែងលក់ដូរ ភោជនីយដ្ឋាន និងអាហារដ្ឋាន ដើម្បីឲ្យម្ចាស់ហាងទាំងនោះ ត្រូវបន្តអនុវត្តន៍វិធានការការពារ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងធានាថាទីតាំងរបស់ខ្លួន មិនក្លាយជាទីកន្លែងចម្លងវីរុសកូវីដ-១៩ ដល់អតិថិជន ឬ/និង អ្នកបម្រើការនៅទីនោះឡើយ។
លោកស្រី លី វណ្ណៈ បានអំពាវនាវ និងបន្តក្រើនរំលឹកថា៖ «យើងគ្រប់គ្នាត្រូវតែប្រកាន់យកការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះការប្រឈមទៅនឹងការកើតមានឡើងនូវរលកទីពីរ នៃការចម្លងកូវីដ-១៩ ជាពិសេសការចម្លងនៅក្នុងសហគមន៍ ដែលអាចនឹងធ្វើឲ្យប៉ះពាល់ដល់នយោបាយសុខភាពសាធារណៈ សេដ្ឋកិច្ច សង្គម និងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនទូទៅ ដែលពិបាកធ្វើការប៉ាន់ស្មានបាន»៕