(ស្ទឹងត្រែង)៖ ក្នុងសកម្មភាពចុះពង្រឹង ការអនុវត្តច្បាប់ចរាចរណ៍ នៅចំណុចផ្លូវខ្វែង (ផ្លូវជាតិលេខ០៩) នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មន្ត្រីនគរបាលចរាចរណ៍ខេត្តស្ទឹងត្រែង ទទូចសុំឲ្យឲ្យប្រជាពលរដ្ឋម្នាក់ៗ ជួយផ្សព្វផ្សាយបន្តទៅដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិនាំគ្នាចូលរួមគ្នា គោរពច្បាប់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពដើម្បីកាត់បន្ថយ ករណីគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យកើតមាននៅតាមមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រី ឌៀប ចាន់ធី ស្នងការរងនគរបាលខេត្ត បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍បានបង្ក ឲ្យយើងបាត់បង់ជីវិតមនុស្ស បង្កការខូចខាតទ្រព្យសម្បត្តិ និងបន្សល់ទុកឲ្យមនុស្សមួយចំនួន ក្លាយខ្លួនជាជនពិការ។ ប្រការនេះ ចូលបងប្អូនរួមគ្នាលើកកម្ពស់ការប្រុងប្រយ័ត្ន និងនាំគ្នាគោរពច្បាច់ចរាចរណ៍ ដើម្បីថែរក្សាការពារជីវិត ខ្លួនឯងតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា មន្ត្រីនគរបាលចរាចរណ៍ ទទូចសុំឲ្យបងប្អូនប្រជាពលរដ្ឋម្នាក់ៗ ជួយធ្វើជាជនបង្គោលក្នុងការផ្សព្វផ្សាយ ច្បាប់ចរាចរណ៍បន្ត ដល់បងប្អូនសាច់ញាតិ រួមគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាច់ខ្ជួន បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដើម្បីធ្វើជាគំរូនៅតាមភូមិឃុំនីមួយៗ។
លោក ពិន សាន តំណាងឲ្យប្រជាពលរដ្ឋ នៅចំណុចគីឡូ៥ភូមិរាជានុកូល សង្កាត់ក្រុងស្ទឹងត្រែង បានកត់សំគាល់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ ប្រជាពលរដ្ឋ យើងត្រូវនាំគ្នាគោរពច្បាប់ហើយ ព្រោះប្រមុខរាជរដ្ឋាភិបាលក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ បានណែនាំជារឿយៗច្រើន ឆ្នាំមកហើយ។
សូមបញ្ជាក់ថា ការចុះពង្រឹងសុវត្ថិភាពចរាចរណ៍នេះ សមត្ថកិច្ចបានបានផាកពិន័យផង និងអប់រំផង ដើម្បីឲ្យបងប្អូននាំគ្នាបង្កើនភាពចងចាំជានិច្ចថា «ជីវិតគ្មានលក់នៅតាមទីផ្សាទេ» ហើយកុំបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង និងគ្រឿងញៀន៕