(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សំ វណ្ណថន អគ្គលេខាធិការ នៃឧត្តមក្រុមប្រឹក្សាការពារជាតិ និងជាអគ្គលេខាធិការក្រសួងការពារជាតិ បានចាត់ទុកថា ការងារបណ្តុះបណ្តាល ធនធានមនុស្សក្នុងកងយោធពលខេមរភូមិន្ទ នៅតែជាត់ទុកជាការងារអាទិភាព ក្នុងការកសាងពង្រឹងប្រៀបការពារជាតិ ដែលមានលក្ខណៈយុទ្ធសាស្ត្រយូរអង្វែង ប្រកបដោយប្រសិទ្ធិភាពខ្ពស់ដោយផ្អែកលើធនធាន ការវិវឌ្ឍន៍សភាពការណ៍សន្តិសុខជាតិ-អន្តរជាតិ និងស្ថានការណ៍ជាក់ស្តែងរបស់កម្ពុជា សម្រាប់កិច្ចការពារជាតិ។
ការលើកឡើងរបស់នាយឧត្តមសេនីយ៍ សំ វណ្ណថន បានធ្វើឡើងនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២នេះ ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០១៩ និងបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល និងឋានលេខា ឆ្នាំ២០២០នេះ ដល់សិក្ខាកាមជាយោធិន មកពីបណ្តាលអង្គភាពនានា ក្រោមចំណុះក្រសួងការពារជាតិ យ៉ាងច្រើន នៅសាលប្រជុំសាកលវិទ្យាល័យការពារជាតិ។
នាយឧត្តមសេនីយ៍ សំ វណ្ណថន បានថ្លែងថា ការងារបណ្តុះបណ្តាលហ្វឺកហ្វឺន និងបំបននាយទាហាន យោធាចារ្យ សាស្ត្រចារ្យ សិក្ខាកាមនាពេលកន្លងមក និងពេលនេះ គឺជាតម្រូវការចាំបាច់ របស់កងយោធពលខេមរភូមិន្ទ ក្នុងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយគុណភាពសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងសេចក្តីសម្រេចការអភិវឌ្ឍន៍ ទាហានបន្តវេន ដែលជាកត្តាគ ន្លឹះសម្រាប់ខឿនការពារជាតិ ការពារសន្តិភាព ឯករាជ្យ អធិបតេយ្យភាព និងបរណភាពទឹកដី ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កលក្ខណៈឱ្យប្រជាជនរស់នៅ ដោយសុខសាន្ត សុវត្ថិភាព ទាំងក្នុងពេលចំពោះមុខ និងសម្រាប់អនាគតរយៈពេលវែង។
នាយឧត្តមសេនីយ៍ បានបន្តថា ឈរលើគោលការណ៍កំពុងឆ្លងកាត់ដំណាក់កាលប្រែប្រួលដ៏ជ្រាលជ្រៅមិនប្រាកដប្រជា និងស្មុគស្មាញនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល គឺជាស្ថានប័នមួយដែលមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យការពារជាតិ និងជាមជ្ឈមណ្ឌលតម្រង់ទិសទស្សនទាននយោបាយការពារជាតិ ទាមទារយកចិត្តទុកដាក់សិក្សាស្រាវជ្រាវ ប្រមែប្រមូលព័ត៌មានទាក់ទងនឹងវិស័យការពារជាតិ យុទ្ធវិធីប្រតិបត្តិការ យុទ្ធសាស្ត្រ សម្រាប់បណ្តុះបណ្តាលនាយទាហាន ទាហានរង សិក្ខាកាមតាមសេចក្តីត្រូវការរបស់ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ទៅនឹងការវិវត្តន៍រីកចម្រើននៅក្នុងសង្គមនាពេលើបច្ចុប្បន្ន និងទៅអនាគត។
ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សំ វណ្ណថន បានកោតសរសើរចំពោះឧត្តមសេនីយ៍ឯក គឹម រស្មី អគ្គលេខាធិការរងទទួលបន្ទុកមជ្ឈមណ្ឌលបណ្តុះបណ្តាលការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ ដែលបានដឹកនាំការងារបណ្តុះបណ្តាលនេះបានល្អប្រសើរ និងសង្ឃឹមជឿជាក់ថា វគ្គបណ្តុះបណ្តាលឆ្នាំ២០២០ ក្រោយនេះនឹងកាន់តែមានការវិវឌ្ឍន៍រីកចម្រើនជាងមុន។
នាឱកាសនោះដែរ កម្មសិក្សាការីទាំងអស់ បានប្រកាសប្តេជ្ញាចិត្ត ការពារដាច់ខាត នូវបាវវចនាជាតិ សាសនា ព្រះមហាក្សត្រ, ចូលរួមគោរពនយោបាយ យុទ្ធសាស្ត្រចតុកោណ គ្រប់ជំហានរបស់រាជរដ្ឋាភិបាល និងអនុវត្តតាមអនុសាសន៍ ចំនួន១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឱ្យសម្រេចបានជោគជ័យ។
បន្ថែមពីនេះ ត្រូវគោរពវិស័យ ភក្តីភាព អាកប្បកិរិយាល្អ សកម្មភាពក្នុងការងារ យកចំណេះដឹងដែលសាស្ត្រចារ្យ និងយោធាចារ្យទើបនឹងផ្តល់យកលទៅបម្រើនៅតាមអង្គភាពឱ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់, ប្តេជ្ញាតស៊ូអត់ធ្មត់ ប្តូរផ្តាច់ការពារសន្តិភាព បូរណភាពទឹកដី ឱ្យបានគង់វង្ស និងឋិតថេរ៕