(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជាបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយគណៈកម្មការមូលបត្រកម្ពុជា ស្ដីពីកិច្ចសហប្រតិបត្តិការលើកកម្ពស់ការយល់ដឹង និងជំរុញការចូលរួមក្នុងវិស័យមូលបត្រនៅក្នុងប្រទេស ដែលនេះជាគឺជាសញ្ញាល្អប្រសើរមួយបង្ហាញថា កម្ពុជាបាននិងកំពុងខិតខំជួយឱ្យសហគ្រាសពាណិជ្ជកម្មក្នុងប្រទេស មានលទ្ធភាពខ្ពស់ក្នុងការចូលរួមក្នុងវិស័យមូលបត្រ។
ពិធីអនុស្សរណៈនៃការយោគយល់គ្នាខាងលើនេះ ត្រូវបានធ្វើឡើងក្រោមវត្តមានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការមូលបត្រកម្ពុជា នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០។
តាមសេចក្ដីប្រកាសរបស់ស្ថាប័នទាំងពីរបានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតនូវកិច្ចសហការលើកកម្ពស់ និងបង្កើនការយល់ដឹងពាក់ព័ន្ធនឹងវិស័យមូលបត្រដល់សមាជិករបស់សភាពាណិជ្ជកម្មកម្ពុជា ដែលជាសហគ្រាសពាណិជ្ជកម្ម ឱ្យមានលទ្ធភាពសមស្របក្នុងការរៀបចំខ្លួនចូលរួមវិនិយោគ និងស្វែងរកហិរញ្ញប្បទានក្នុងទីផ្សារមូលបត្រនៅកម្ពុជា ក៏ដូចជាការពង្រឹងការគ្រប់គ្រង ការរៀបចំ និងការអនុវត្តអភិបាលកិច្ចសារជីវកម្មឱ្យកាន់តែល្អផងដែរ។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មាន របស់សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មការមូលបត្រកម្ពុជា៖