(កូឡាឡាំពួរ)៖ ក្រុមហ៊ុន Huawei ប្រចាំប្រទេសម៉ាឡេស៊ី នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានណែនាំនូវកម្មវិធី Huawei បណ្ឌិត្យសភាអាស៊ាន ASEAN Academy ដែលជាកម្មវិធីបណ្តុះបណ្តាលមួយបង្កើតឡើងដើម្បីលើកកម្ពស់ទេពកោសល្យផ្នែកឌីជីថលនៅក្នុងតំបន់អាស៊ាន។
តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លូនក្រុមហ៊ុន Huawei មានគោលបំណងបណ្តុះបណ្តាលដល់អ្នកមានទេពកោសល្យចំនួន ៥០,០០០នាក់ ដោយផ្តោតសំខាន់ទៅលើផ្នែក ពាណិជ្ជកម្មផ្សេងៗ ជាពិសេសវិស័យបច្ចេកវិទ្យានារយៈពេល ៥ឆ្នាំខាងមុខនេះ។ បណ្ឌិត្យសភានេះ នឹងផ្តល់វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ចំនួនជាង ៣,០០០មុខវិជ្ជា និងមានគ្រូជំនាញចំនួន ១០០នាក់ ដើម្បីបណ្តុះបណ្តាលអ្នកដែលមានទេពកោសល្យផ្នែកឌីជីថលទាំងនោះ។
រដ្ឋមន្រ្តីក្រសួងគមនាគមន៍ និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី YB Dato Saifuddin Abdullah បានឱ្យថា បណ្ឌិត្យសភាអាស៊ានរបស់ក្រុមហ៊ុន Huawei នៅប្រទេស ម៉ាឡេស៊ីនេះគឺជាកម្មវិធីលើកដំបូងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មានវិទ្យា ដើម្បីឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច ឌីជីថល។ ក្នុងនោះដែរដើម្បីអភិវឌ្ឍទេពកោសល្យនៅក្នុងតំបន់គឺដើម្បីធានាថា ពួកគេត្រូវបានបណ្តុះបណ្តាលយ៉ាងល្អជាមួយនឹងចំណេះដឹងផ្នែកបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលសមស្របក្នុងគោលបំណងធ្វើឱ្យពួកគេសម្របខ្លួនទៅនឹងបម្លាស់ប្តូរនៃសាកលភាវូបនីយកម្មនេះ។
លោកបានបន្ថែមទៀតថា ក្រសួងគមនាគមន៍ និងពហុព័ត៌មាននៃប្រទេសម៉ាឡេស៊ី (KKMM) និងក្រុមហ៊ុន Huawei មានទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នាជាយូរ អង្វែងណាស់មកហើយ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យាគឺចាប់តាំងពីឆ្នាំ២០០១ ពោលគឺនៅពេលដែលក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេស ម៉ាឡេស៊ីមកម្ល៉េះ ហើយយើងសង្ឃឹមថា នឹងមានការសហការជោគជ័យបន្ថែមទៀតនាពេលអនាគតដើម្បីឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល។
កម្មវិធីបណ្តុះបណ្តាល និងមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់បណ្ឌិត្យសភានេះ ត្រូវបានរៀបចំឡើងសម្រាប់បម្រើឱ្យស្ថាប័នរដ្ឋាភិបាល អ្នកជំនាញផ្នែកឧស្សាហកម្ម ក៏ដូចជានិស្សិតសាកលវិទ្យាល័យផងដែរ ក្នុងគោលបំណងអភិវឌ្ឍនូវប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាព័ត៌មានវិទ្យា ICT ecosystem នៅក្នុងប្រទេស។ ម៉្យាងវិញទៀតកម្មវិធី សិក្សានេះនឹងបង្កើតវិធីសាស្រ្តអប់រំចម្រុះរួមមាន៖ ការបណ្តុះបណ្តាលតាមរយៈការផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ិនធើណេត (online live training) និងដំណើទស្សនកិច្ចសិក្សា ទៅក្រៅប្រទេសទៀតផង។ លើសពីនេះទៅទៀត បណ្ឌិត្យសភានេះក៏ផ្តល់នូវដំណោះស្រាយជាច្រើនប្រភេទផ្សេងៗទៅតាមកម្រិតនៃទេពកោសល្យ និងតម្រូវការ ដើម្បីដោះស្រាយនូវបញ្ហាខ្វះខាតនានា ដែលសហគ្រាសប្រឈមនាពេលបច្ចុប្បន្ននេះ។
លោក Michael Yuan នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei ប្រចាំប្រទេសម៉ាឡេស៊ី បានបង្ហាញថា នៅពេលយើងទាំងអស់គ្នាកំពុងសម្របខ្លួនទៅនឹងបរិយាកាសគម្លាត សង្គម បណ្តាញឌីជីថលដ៏រឹងមាំ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធឌីជីថលពិតជាមានសារសំខាន់ខ្លាំងណាស់នាពេលបច្ចុប្បន្ននេះ ហើយបណ្តាញឌីជីថលដ៏រឹងមាំ និងហេដ្ឋា រចនាសម្ព័ន្ធនេះនឹងនៅតែបន្តបង្កើតឡើងដើម្បីបម្រើឱ្យប្រជាជនម៉ាឡេស៊ី។ ទន្ទឹមនឹងនេះការបណ្តុះបណ្តាល និងកម្មវិធីដែលផ្តល់ដោយបណ្ឌិត្យសភាអាស៊ាន នឹងជួយ លើកកម្ពស់ដល់ទេពកោសល្យនៅក្នុងតំបន់ឱ្យត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការពន្លឿនដំណើរផ្លាស់ប្តូរឌីជីថលរបស់ប្រទេសម៉ាឡេស៊ី។
ផ្អែកលើតម្រូវការក្នុងវិស័យឧស្សាហកម្ម បណ្ឌិត្យសភានឹងផ្តោតសំខាន់ទៅលើសសរស្តម្ភ៣ រួមមាន៖ គោលការណ៍ណែនាំឧស្សាហកម្មអាយស៊ីធី (ICT Industry Trend Guidance) ការបង្កើនសមត្ថភាពផ្នែកអេកូឡូស៊ី (Ecosystem Talent Enablement) និងការធ្វើឱ្យប្រសើរឡើងនូវជំនាញផ្សេងៗ (Skill Improvement)។ បណ្ឌិត្យសភានេះ នឹងប្រើប្រាស់បច្ចេកវិទ្យាក្នុងការពង្រឹងនូវជំនាញ និងអភិវឌ្ឍទេពកោសល្យ ដើម្បីផ្តល់ជាមូលដ្ឋានដ៏រឹងមាំមួយសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេស។
លោកបានបញ្ជាក់ទៀតថា ក្នុងនាមជាអ្នកផ្តល់ដំណោះស្រាយបច្ចេកវិទ្យាព័ត៌មានឈានមុខគេលើពិភពលោក ក្រុមហ៊ុន Huawei នឹងបន្តចែករំលែករាល់ ដំណោះស្រាយ ទាំងអស់ ទាក់ទងទៅនឹងទេពកោសល្យបច្ចេកវិទ្យាព័ត៌មានវិទ្យាអេកូឡូស៊ី (ICT talent ecosystem) ដែលផ្តល់អត្ថប្រយោជន៍ដល់គ្រប់ស្ថាប័នទាំងអស់។ Huawei បណ្ឌិត្យសភាអាស៊ាន ជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងដំណើរធុរកិច្ចរបស់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍទេពកោសល្យបច្ចេកវិទ្យាព័ត៌មានក្នុងតំបន់ និងដើម្បីជួយ ដល់ដំណើរការផ្លាស់ប្តូរនៃប្រព័ន្ធឌីជីថល៕