(កំពង់ចាម)៖ សប្បុរសជន នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានបន្តឧបត្ថម្ថថវិកា ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម សម្រាប់ធ្វើកិច្ចការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលជួបគ្រោះអាសន្ន និងទីទ័លក្រ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បន្ទាប់ពីកិច្ចប្រជុំដោះស្រាយបញ្ហាដីទួលចំប៉ី ឃុំកោះរកា ស្រុកកំពង់សៀមរួច បានអញ្ជើញទទួលការឧបត្ថម្ភជាថវិកា ពីសប្បុរសជន សម្រាប់កិច្ចការមនុស្សធម៌ នៃសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងឱកាសអបអរសាទរ ខួបទី១៥៧ ទិវា ពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានថ្លែងថា តាមរយៈមូលនិធិនេះ សាខាកាកបាទក្រហមខេត្ត កំពង់ចាម នឹងយកចិត្តទុក្ខដាក់ប្រើប្រាស់ថវិកាទាំងនោះ ជាប្រយោជន៍ក្នុងសកម្មភាពមនុស្សធម៌ ឲ្យមានប្រសិទ្ធភាពបំផុត ដើម្បីជួយសង្គ្រោះ ប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយផ្សេងៗ។
ដោយឡែក នៅពេលវេលាថ្ងៃដដែលនេះ ខាងក្រុមហ៊ុនហេងហ៊ីគ្រុប បានជួយឧបត្ថម្ភម៉ាសជំនួន២០,០០០ម៉ាស ដើម្បីចូលរួមជាមួយគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម ដើម្បីទប់ស្កាត់ ការឆ្លងរាលដាលជំងឺនេះផងដែរ៕