(កំពង់ធំ)៖ លោក អួង សារឿន អភិបាលស្រុកបារាយណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ជំងឺកូវីដ-១៩។
លោក អួង សារឿន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងការចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ដល់គ្រួសារងាយរងគ្រោះ ចាស់ជរា នៅក្នុងភូមិបឹង ភូមិត្រពាំងឈូក និងភូមិដូនប៉ែន ឃុំបឹង ព្រោះថា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០ មានករណីឆ្លងមួយទៀតហើយ ដែលកើតទៅលើជនជាតិខ្មែរម្នាក់ នៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ដែលទើបវិលត្រឡប់មកពីប្រទេសហ្វីលីពីន។
លោក អួង សារឿន បានធ្វើការផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺកូវីដ១៩ ថ្មីព្រោះថាជំងឺនេះ វាមិនត្រឹមតែធ្វើឲ្យមានផលប៉ះពាល់ ដល់ផ្លូវដង្ហើមប៉ុណ្ណោះទេ តែវាអាចទៅបំផ្លាញមេជីវិតរបស់មនុស្សគ្រប់គ្នា ដែលបានឆ្លងជំងឺនេះ។
លោកសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាបាននូវអនាម័យការលាងដៃ នឹងសាប៊ូ អាកុល ឬជែលសម្លាប់មេរោគ ការពាក់ម៉ាសឲ្យបានត្រឹមត្រូវ រាល់ពេលធ្វើដំណើរទៅផ្សារ ឬទីសាធារណៈនានា ដែលមានការប្រមូលផ្ដុំមនុស្សច្រើន ការរក្សាគម្លាតពីគ្នា ឲ្យបានយ៉ាងតិចចាប់ពី ១ម៉ែត្រកន្លះទៅ ២ម៉ែត្រ និងចៀសវាងការប្រមូលផ្ដុំដែលមានមនុស្សច្រើន។
ជាមួយគ្នានោះ លោក អួង សារឿន ក៏សំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ ធ្វើការផ្សព្វផ្សាយ ណែនាំអំពីវិធានការការពារទប់ស្កាត់ជំងឺកូវីដ១៩ ឲ្យបានទូលំទូលាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតំបន់ដាច់ស្រយាល។
ទន្ទឹមនឹងការចុះសួរសុខទុក្ខ និងផ្សព្វផ្សាយជំងឺកូវីដ១៩ ដល់បងប្អូនប្រជាពលរដ្ឋ លោកអភិបាលស្រុកបារាយណ៍ ក៏បានចែកអំណោយមនុស្សធម៌ ដល់គ្រួសារ ងាយរងគ្រោះ ចាស់ជរាចំនួន១៣គ្រួសារ នៅក្នុងឃុំបឹង ដោយមួយគ្រួសារមួយៗទទួលបានអង្ករ ប្រេងឆា មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ប៊ីចេង សាប៊ូលាងដៃ និងថវិកា មួយចំនួន និងបានផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំភ្លេចគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស៕