(កំពង់ឆ្នាំង)៖ បច្ចុប្បន្ននេះ រទេះគោសាឡីចាស់ៗដែលគេយកមកកែច្នៃដំឡើងថ្មី សម្រាប់ដាក់តាំងលម្អនៅតាមគេហដ្ឋាន រមណីយដ្ឋាន និងសួនឧទ្យានផ្សេងៗ កំពុងតែពេញនិយមពីតិថិជន ដែលជាវយកទៅដាក់តាំងនៅតាមបណ្ដាគេហដ្ឋានរបស់គេ ជាការតុបតែងលម្អ ដើម្បីរំលេចនូវសោភ័ណ្ឌភាពក្នុងបរិវេណគេហដ្ឋាន ឬក៏នៅតាមសួនកម្សាន្តផ្សេងៗ ដែលមើលទៅគួរឱ្យ គយគន់ផងដែរ។
រទេះគោសាលីនេះផងដែរ មិនត្រឹមតែសម្រាប់ដាក់តាំងជាការកែលម្អនៅក្នុងគេហដ្ឋាន ឬក៏សួនកម្សាន្តផ្សេងៗតែប៉ុណ្ណោះទេ វាក៏ជាការថែរក្សា និងអភិរក្សនៅកេរ្តិ៍ដំណែលពីដូនតា ដោយសារតែរទេះគោសាឡីប្រភេទនេះ បច្ចុប្បន្នស្ទើរតែបាត់បង់អស់ទៅហើយ។ នេះបើតាមអាជីវករនៅខេត្តកំពង់ឆ្នាំង ផ្តល់បទសម្ភាសដល់ភ្នាក់ងារ Fresh News។
ប្រជាពលរដ្ឋជាអ្នកកែច្នៃរទេះគោចាស់ៗ ដែលមានទីលំនៅក្នុងភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង បានរៀបរាប់ឲ្យដឹងថា គាត់បានចាប់យកមុខរបរប្រមូលទិញនូវគ្រឿង រទេះគោចាស់ៗ ដើម្បីយកមកដំឡើងធ្វើជារទេះថ្មី សម្រាប់លក់ឲ្យប្រជាពលរដ្ឋ យកទៅដាក់តាំងតាមគេហដ្ឋាន និងតាមរមណីយដ្ឋាននានានេះ អស់រយៈពេលជាង ៣ឆ្នាំមកហើយ។ មុខរបរនេះក៏ត្រូវបានពេញនិយម ពីអតិថិជននៅក្នុងប្រទេស ដោយគេបានមកជាវដល់កន្លែង ហើយគាត់ក៏បម្រើសេវាកម្មដឹកជញ្ជូន ទៅគ្រប់បណ្តាខេត្ត-ក្រុងផងដែរ។
តាមការរៀបរាប់របស់លោក សួន ស៉ីណេត ជាអាជីវករប្រមូលទិញរទេះគោចាស់ៗយកមកកែច្នៃ និងដំឡើងថ្មីសម្រាប់លក់ បានឲ្យដឹងថា ការកែច្នៃរទេះចាស់ៗសម្រាប់លក់នៅក្នុងឃុំស្វាយជ្រុំនេះ បច្ចុប្បន្នកាន់តែល្បីទៅដល់ទីជិតឆ្ងាយនៅទូទាំងប្រទេស ដោយមានប្រជាពលរដ្ឋ មន្ត្រីរាជការ និងអ្នកមានបណ្ដាសិក្ត័ បានមកទិញរទេះគោរបស់គាត់ជាហូរហែរ ដែលធ្វើឲ្យមុខរបរគាត់កាន់តែរីកចម្រើនឡើងជាលំដាប់។
អាជីវករខាងលើបានបន្តថា បច្ចុប្បន្ននេះគាត់មានការពិបាកក្នុងការប្រមូលទិញគ្រឿងរទេះចាស់ៗ ដើម្បីយកមកដំឡើងថ្មីណាស់ ព្រោះតែរកទិញរទេះចាស់ៗ លែងចង់បានទៅហើយ នៅក្នុងខេត្តកំពង់ឆ្នាំងនេះ។ រទេះគោមួយគ្រឿងៗ ដែលគាត់ដំឡើងរួចលក់ក្នុងតម្លៃចាប់ពី ៤០០ដុល្លារ រហូតទៅដល់ ១២០០ដុល្លារ ទៅតាមប្រភេទឈើមានធ្នង់ នាងនួន និងសុក្រំជាដើម ក្រៅពីនោះរទេះថ្លៃៗត្រូវមានការបំពាក់គ្រឿងលម្អ ដូចជាចង្កំតាមនឹម និងតាមជន្ទោលបន្ថែមផងដែរ។
ចំពោះតម្លៃចាប់ពី១០០០ដុល្លារឡើង មានបន្ថែមនូវនង្គ័ល១គ្រឿង រនាស់១គ្រឿង ក្រៅពីនោះមានបន្ថែមនៅមានទ្រូ ឈ្នាងអង្រុត ចង្អេ កញ្ជើ មួកស្លឹកត្នោត និងបំពង់ឬស្សីផងដែរ ដើម្បីឱ្យអតិថិជនយកទៅដាក់តាំងលើរទេះ ដើម្បីលម្អនូវសោភ័ណភាពបន្ថែម។
ដោយឡែក ជាងជួសជុល និងដំឡើងរទេះខាងលើនេះ បានបញ្ជាក់ថា បច្ចុប្បន្នរទេះគោដែលបានទិញមក មានតែគ្រឿងបំណែកផ្សេងៗពីគ្នាដូចជាកង់, ព្រែកត្រង់, ព្រែកងទូក, និងនឹមជាដើម តែត្រូវយកមកឆ្លាក់ជ្រៀកតម្រូវសិន ទើបដំឡើងផ្គុំគ្នាបានជារទេះ។ បន្ទាប់មក រទេះណាដែលជាប្រភេទឈើល្អ ត្រូវកែច្នៃដំឡើងចង្កំ ជន្ទោល ខ្សែទាមបន្ថែមទៀត ឯតម្លៃក៏ត្រូវលក់ទៅតាមសាច់ឈើផងដែរ។ រទេះ១គ្រឿងត្រូវចំណាយពេលធ្វើ ២ទៅ ៣ថ្ងៃ ទើបដំឡើងរួច ដោយតម្លៃពលកម្មបាន ១៥ម៉ឺនរៀល។
រទេះគោ គឺជាយានជំនិះម្យ៉ាងដែលមានតាំងពីបុរាណកាលមក ដោយដូនតាខ្មែរជំនាន់ដើមបានផលិតរទេះគោ ដើម្បីបម្រើឲ្យវិស័យកសិកម្ម ក្នុងការដឹកជញ្ជូនស្រូវ និងដឹកទំនិញផ្សេងៗគ្រប់ប្រភេទ។ រទេះគោក៏ត្រូវបានដូនតាជំនាន់ដើមធ្វើជាយានជំនិះ ក្នុងការធ្វើដំណើរផ្លូវឆ្ងាយ ឬសម្រាប់ដឹកនង្គ័ល រនាស់ទៅធ្វើស្រែ។
ដោយឡែក រទេះសំឡីប្រភេទនេះ ពីសម័យដូនតាគេធ្វើសម្រាប់តែជិះដើរលេងកម្សាន្តក្នុងពិធីបុណ្យទាន ឬក៏ជាមធ្យោបាយធ្វើដំណើរទៅទីជិតទីឆ្ងាយ ជាពិសេសសម្រាប់តែត្រកូលអភិជនដូចជាអ្នកមាន ឬសេដ្ឋីជាដើមដោយគេទឹមជាមួយនឹងគោកាត់ធំៗខ្ពស់ៗ។
បច្ចុប្បន្ន រទេះគោ ឬរទេះក្របី ត្រូវបានប្រជាពលរដ្ឋបោះបង់ចោលស្ទើរតែទាំងស្រុងទៅហើយ ដោយងាកមកប្រើគោយន្តកន្ត្រៃជំនួសវិញ។ សម្រាប់អាជីវករ ដែលប្រមូលរទេះចាស់ៗមកដំឡើងថ្មីបែបនេះ ប្រៀបបានពួកគាត់កំពុងជួយថែរក្សា និងអភិរក្សនូវរទេះបុរាណរបស់ដូនតាខ្មែរយើង ទុកសម្រាប់ក្មេងជំនាន់ក្រោយឲ្យស្គាល់នូវរទេះបុរាណ ដែលត្រង់ណាគេហៅថានឹម ព្រែកង ព្រែកត្រង់ ខ្សែទាម ជន្ទោល ជ្រៀមក្បាលក្រពើ ដុំរទេះ កាំកង់ កាំនឹម ចម្រឹង ភ្លៅរទេះ ទូក ខ្នងកង់ ខ្សែជន្ទោល ។ល។
បើតាមសៀវភៅប្រវត្តិសាស្ត្រ បានបញ្ជាក់ថា រទេះគោក៏ជាសម្ភារប្រើប្រាស់ ដែលខ្មែរយើងប្រើតាមឥណ្ឌាតាំងពីសតវត្សទី១ នៃគ.ស គឺក្នុងសម័យនគរភ្នំមកម្លេះ។ នៅក្នុងបុរេអង្គរ និងអង្គររទេះគោខ្មែរបានដើរតួនាទីយ៉ាងសំខាន់សម្រាប់វិស័យសង្គមកិច្ច និងជំនឿសាសនាផងដែរ។ បើតាមចម្លាក់លើប្រាសាទអង្គរវត្ត នាសតវត្សទី១២នៃគ.ស បានបង្ហាញយ៉ាងច្បាស់ថា រទេះសេះដែលព្រះបាទសូរ្យវរ្ម័នទី២ គង់ប្រថាប់នោះ គឺជាសញ្ញាតំណាងព្រះសូរ្យ គឺព្រះអាទិត្យដែលជាសន្តតិវង្សរបស់ទ្រង់។
រទេះគោ និងរទេះសេះ ត្រូវបានខ្មែរយើងនិយមប្រើក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧។ នេះបើតាមរយៈចម្លាក់នៅប្រាសាទបាយ័ន៕