(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងមួយ ជម្រាបជូនដល់ម្ចាស់ភោជនីយដ្ឋាន និងអាហារដ្ឋានទាំងអស់នៅក្នុងខេត្តព្រះវិហារ ចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ កាន់តែមានប្រសិទ្ធិភាពថែមទៀត។
តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានកត់សម្គាល់ឃើញថា ក្រោយពីមានការព្យាបាលជំងឺកូវីដ១៩ ជាសះស្បើយនៅក្នុងប្រទេសកម្ពុជានោះ ប្រជាពលរដ្ឋមិនមានការភ័យខ្លាច និងបាត់ការប្រុងប្រយ័ត្នជំងឺកូវីដ១៩ ហើយនៅតាមភោជនីយដ្ឋាន និងអាហារដ្ឋានមួយចំនួន ខ្វះការប្រុងប្រយ័ត្នទាំងម្ចាស់ភោជនីយដ្ឋាន និងភ្ញៀវដោយពុំបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចកាលពីមុនឡើយ។
ដូច្នេះដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពថែមទៀត រដ្ឋបាលខេត្តព្រះវិហារ សូមណែនាំដល់លោក លោកស្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានទាំងអស់ឲ្យមានការប្រុងប្រយ័ត្នដូចខាងក្រោម៖
*ទី១៖ ត្រូវគោរពឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីផែនការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩
*ទី២៖ ត្រូវរៀបចំឲ្យមានទឹកអាល់កុល ឫជែល សម្រាប់លាងដៃនៅមុខច្រកចេញចូល និងចាត់ចែងបុគ្គលិកធ្វើការវាស់កំដៅភ្ញៀវទាំងអស់ មុននិងអនុញ្ញាតឲ្យចូលក្នុងភោជនីយដ្ឋាន ឫអាហារដ្ឋាន
*ទី៣៖ ត្រូវរក្សាគម្លាតសង្គមឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ក្នុងករណីអស់លោក លោកស្រីម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋានណា មិនអនុវត្តតាមការណែនាំនេះទេ រដ្ឋបាលខេត្តនឹងបិទអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាននោះជាបណ្តោះអាសន្ន។
សូមអានសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ៖