(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិ នឹងចារឹកព្រឹត្តិការណ៍មួយចំនួន ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ក្នុងប្រទេសកម្ពុុជា ទៅក្នុងប្រវត្តិសាស្រ្ត ដែលក្នុងនោះក៏មានផងដែរនូវការជួយគាំទ្រ និងការឧបត្ថម្ភពីសំណាក់រដ្ឋាភិបាលចិន និងសកម្មភាពមនុស្សធម៌របស់ សម្តេចតេជោ ហ៊ុន សែន។
ការលើកឡើងបែបនេះ របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចបានអនុញ្ញាតឱ្យក្រុមគ្រូពេទ្យឯកទេសចិន ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ប្រមុខការពារជាតិកម្ពុជារូបនេះ បានឱ្យដឹងយ៉ាងដូច្នេះថា៖ «ខ្ញុំ អីឡូវនេះ កំពុងមានការចាប់អារម្មណ៍ឃើញថា ជាប្រវត្តិសាស្ត្រមួយរបស់ប្រទេសកម្ពុជា គឺក្នុងសម័យប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺ COVID-19 គឺយើងមានព្រឹត្តិការណ៍សំខាន់ៗ មួួយចំនួនទៀតដែលត្រូវតែចារឹកទុកក្នុងប្រវត្តិសាស្ត្រដែរ […] ខ្ញុំកំពុងតែផ្តល់ និងក៏បានត្រៀមខ្លួនជាមួយក្រុមការងារយើងខ្ញុំ រៀបចំចារឹកប្រវត្តិសាស្ត្រ នាសម័យ COVID-19 ដោយសារតែព្រឹត្តិការណ៍ ៣ ឬ ៤ចំនួននឹងចារឹកក្នុងប្រវត្តិសាស្ត្រ ដែលប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 នេះ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍ទី១ វាគឺជារឿងប្រវត្តិសាស្ត្រដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ប្រទេសចិន ខណៈដែលប្រទេសចិន កំពុងតែរងការកំរាមកំហែងដោយសារតែវីរុសរាតត្បាត COVID-19 និងជាមេដឹកនាំក្រៅប្រទេសទីមួយឈានចូលក្នុងទឹកដីរបស់ចិននាដំណាក់ជួបវិបត្តិជំងឺនេះ។
ព្រឹត្តិការណ៍ទី២ គឺការអនុញ្ញាតរបស់ សម្តេចតេជោ ហ៊ុន សែន ឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោយពីប្រទេសចំនួន៤ និងកោះចំនួន២ បដិសេធមិនឱ្យចូលចតដោយសង្ស័យមានផ្ទុកជំងឺកូវីដ១៩។ នាវានេះដឹកមនុស្សជាង ២២០០នាក់ មកពី ៤១ជាតិសាសន៍ នៅលើពិភពលោក ក្នុងនោះមានជនជាតិអាមេរិកច្រើនជាងគេបង្អស់។ បន្ទាប់ពីអនុញ្ញាតឱ្យចូលចត កម្ពុជាដែលទទួលបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ បានសម្រួលនីតិវិធីឱ្យពួកគេហោះហើរទៅកាន់ប្រទេសដែលពួកគេចង់ទៅ និងអនុញ្ញាតឱ្យពួកគេធ្វើដំណើរកម្សាន្តដោយសេរីផងដែរ។
ព្រឹត្តិការណ៍ទី៣ គឺមានបណ្តាប្រទេសមួយចំនួន មានការរើសអើងចំពោះជាតិសាសន៍ចិន ប៉ុន្តែផ្ទុយទៅវិញរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យកងទ័ពរំដោះប្រជាជនចិន មកចូលរួមធ្វើលំហាត់សមយុទ្ធនាគមាស ឆ្នាំ២០២០ រួមគ្នាជាមួយកងយោធពលខេមរភូមិន្ទ ហើយការធ្វើលំហាត់សមយុទ្ធរួមគ្នា ក្នុងដំណាក់កាលពិភពលោកកំពុងតែជួបប្រទះនឹងការរាតត្បាតវីរុស COVID-19 គឺកងទ័ពទាំងពីរ ធ្វើឡើងដោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង ហើយអ្វីដែលកាន់តែអស្ចារ្យទៀតនោះ គឺកងទ័ពចិន ដែលមកចូលរួមធ្វើលំហាត់សមយុទ្ធនេះ គឺគ្មានផ្ទុកវីរុស COVID-19 ដូចមតិមួយចំនួនលើកឡើងនោះទេ។
ព្រឹតិ្តកាណ៍ទី៤ គឺព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលរាជរដ្ឋាភិបាលចិន បានបញ្ជូនក្រុមវេជ្ជៈសាស្ត្រយោធារបស់ខ្លួន ម កធ្វើបទបង្ហាញដល់ក្រុមគ្រូពេទ្យយោធាកម្ពុជា នៅក្នុងដំណាក់ប្រទេសកម្ពុជា កំពុងតែរងគ្រោះដោយសារតែជំងឺ COVID-19 នេះផងដែរ។ បន្ថែមពីនេះរដ្ឋាភិបាលចិន មិនត្រឹមតែបញ្ជូនតែក្រុមគ្រូពេទ្យជំនាញនោះទេ គឺបានបញ្ជូននូវសម្ភារការពារ ទប់ស្កាត់ និងបង្ការវីរុស COVID-19 មកជាមួយផងដែរ។
បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា ចំពោះព្រឹត្តិុការណ៍នេះ ក្រសួងការពារជាតិ បាននឹងកំពុងតែសហការជាមួយក្រសួងសុខាភិបាល ដើម្បីប្រមូលធាតុផ្សំសំខាន់ៗ សម្រាប់ចារឹកទុកជាប្រវត្តិសាស្ត្រជាដើម។ សម្តេចក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងក្រសួងការពារប្រទេសចិន ដែលបញ្ជូនគ្រូពេទ្យយោធាមកបង្រៀនវិធីសាស្ត្រការពារជំងឺ COVID-19 ដល់ពេទ្យយោធាកម្ពុជា។
លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ក្នុងដំណាក់កាលប្រទេសចិន កំពុងតែផ្ទុះការរាតត្បាតជំងឺ COVID-19 បានធ្វើឱ្យថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរ បានយល់កាន់តែច្បាស់ពីការកសាងជោគវាសនារួម ហើយប្រទេសទាំងពីរ បានជួយអន្តរាគមន៍គ្នាទៅវិញទៅមក ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
លោក វ៉ាង វិនធាន បានបន្តថា រំលឹកដល់ការផ្ទុះវីរុស COVID-19 ជាលើកដំបូង នៅទីក្រុងវ៉ូហាន ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ព្រះរាជទ្រព្យ និងបរិក្ខា មួយចំនួនដល់រដ្ឋាភិបាលចិនផងដែរ។ បន្ថែមពីសម្តេចតេជោ ហ៊ុន សែន បានធ្វើដំណើរបញ្ច្រាសទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងដំណាក់រាតត្បាតនៃជំងឺដ៏កាចសាហាវនេះ ដែលធ្វើឱ្យប្រជាជនចិន គ្រប់ស្រទាប់វណ្ណៈមានការកោតសរសើរលើសម្តេចតេជោ យ៉ាងខ្លាំងផងដែរ។
អគ្គរដ្ឋទូតចិន ក៏បានញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រកាសរកយុត្តិធម៌ និងប្រឆាំងដាច់ខាតចំពោះការលើកយកជំងឺ COVID-19 មកធ្វើជាល្បែងនយោបាយ ជាដើម៕