(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលសំណួរជាច្រើនកាលពីយប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ទាក់ទងនឹងហ្គេមមួយចំនួនដែលមានឈ្មោះ «Jumpy Jumpy» និង «Lyto Different Color» ដែលជាប្រភេទហ្គេមលេងកំសាន្តជាយូរមកហើយនោះ ប៉ុន្តែនាពេលថ្មីៗនេះ មានបងប្អូនអ្នកប្រើប្រាស់បានយកហ្គេមនេះមកបន្ថែមពាក្យអសីលធម៌លើចំណងជើងអត្ថបទដើម្បីចែករំលែកបន្ត ដែលមានដូចជា «ជំពាក់លុយគេឱ្យចេះសងផង... ម្ចាស់រូបនៅក្នុងនេះសុទ្ធតែជាសង្សារខ្ញុំ... អ្នកដែលមានរូបនៅខាងក្រោមនេះគឺជាមុខសញ្ញាអ្នកប្រើប្រាស់គ្រឿងញៀននិងឆក់ប្លន់...” ជាដើម និងមានអត្ថន័យជាច្រើនទៀត។
ការបន្ថែមពាក្យពេចន៍នេះធ្វើឱ្យអ្នកប្រើប្រាស់មានការយល់ច្រឡំថា បុគ្គលដែលត្រូវគេយករូបខ្លួនទៅផុសនោះ មានជាប់ពាក់ព័ន្ធដូចទៅហ្នឹងអត្ថន័យ នៃការសរសេរទាំងនោះទៅវិញ ដែលធ្វើឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ពួកគាត់។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់ថា កម្មវិធី ឬហ្គេមទាំងនោះមិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរ ចំពោះអ្នកប្រើប្រាស់នោះទេ ហើយវាក៏មិនមែនជាកម្មវិធីខុសច្បាប់ដែរ។
អ្វីដែលជាបញ្ហានោះគឺអ្នកប្រើប្រាស់ ឬអ្នកលេងហ្គេមទាំងនោះបានធ្វើការ invite ឬចែករំលែកបន្តដោយមានភ្ជាប់ជាមួយនូវពាក្យពេចន៍មិនសមរម្យក្នុងន័យដើម្បីឱ្យអ្នកដែលគេ invite បានចូលលេងដែរ ហើយបានជាប្រយោជន៍សម្រាប់ការបង្កើនពិន្ទុក្នុងហ្គេមពួកគេតែប៉ុណ្ណោះ។
លោកឧត្តមសេនីយ៍បានបន្តថា «ចំពោះករណីដែលអ្នកលេងហ្វេសប៊ុកផ្សេងទៀត បានឃើញរូបខ្លួនឯងនៅក្នុងហ្គេមនោះ ក៏ព្រោះតែមិត្តភក្កិនៅក្នុងហ្វេសប៊ុករបស់ពួកគាត់បានធ្វើការចែករំលែកបន្ត ហ្គេមនោះក៏បានចាប់យករូបនៅលើគណនីរបស់ពួកគាត់ ដាក់ចូលដោយស្វ័យប្រវត្តិ ហើយនៅពេលដែលពួកគាត់អូសទៅដល់កន្លែងនោះ ក៏ឃើញរូបគាត់នៅក្នុងនោះតែម្ដង មិនមានន័យថាមានអ្នកណាផ្ញើឱ្យគាត់នោះទេ»។
ជាមួយនឹងហ្គេមមួយនេះ លោកឧត្តមសេនីយ៍ឯក ជា ពៅ បានអំពាវនាវថា «សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភទៅលើបញ្ហាទាំងនេះខ្លាំងពេកអី ព្រោះរូបភាព និងពាក្យពេចន៍ដែលអ្នកប្រើប្រាស់បានឃើញនោះ គឺមានតែសមីខ្លួនទេមើលឃើញ គ្មានអ្នកផ្សេងណាមើលឃើញឡើយ លុះត្រាតែលោកអ្នកថតស្គ្រីនខ្លួនឯងយកទៅផុសបន្ត ទើបមានអ្នកដទៃអាចមើលឃើញ»។ ទោះបីជាយ៉ាងណា លោកឧត្តមសេនីយ៍ សូមណែនាំឱ្យអ្នកលេងហ្គេមទាំងអស់ មេត្តាបញ្ឈប់នូវរាល់ការបន្ថែមពាក្យពេចន៍ទាំងនេះ ដើម្បីជៀសវាងការភាន់ច្រឡំទាំងនេះទៀត។
លោកឧត្តមសេនីយ៍ បានណែនាំថា ប្រសិនបើបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គម ជួបនូវបញ្ហាដូចរៀបរាប់ខាងលើ អាចធ្វើការរាយការណ៍ទៅកាន់ក្រុមហ៊ុនហ្វេសប៊ុក ដើម្បីកាត់បន្ថយការរំខានពីអ្នកលេងដែលធ្វើការ Invite តទៀត សូមអនុវត្តតាម ដូចខាងក្រោម៖
*នៅផ្នែកខាងស្តាំលើ ចុចលើសញ្ញា "…"
*ជ្រើសរើសយក «Find Support or Report Post»
*ចុច Spam
*ចុច Next
*ចុច Done។
ជាមួយគ្នានេះ ប្រសិនបើបងប្អូនចង់លុបហ្គេមនេះចោល៖
*ចូលទៅ Settings របស់គណនី Facebook
*ចុចលើពាក្យ Instant Games
*ជ្រើសយកហ្គេមដែលបងប្អូនចង់លុប ហើយចុចលើពាក្យ Remove៕