(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចូលរួមធ្វើពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន១ខ្នង នៅសាលាបឋមសិក្សាជប់ព្រីង ភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដែលចំណាយថវិកាសាង សង់អស់ប្រមាណ ៦ម៉ឺនដុល្លា ជាអំណោយរបស់តំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គារីសោស តាមរយៈលោក Pino hsu ជានាយកប្រត្តិបត្តិ។

លោក សៅ សាមាន នាយកសាលាបឋមសិក្សាជប់ព្រីង បានឲ្យដឹងថា ដោយសារកំណើនសិស្សនៅក្នុងមូលដ្ឋានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឲ្យមានការខ្វះសាលារៀន។ តបតាមការ អំពាវនាវរបស់លោក និងមានការគិតគូពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ផងនោះ ក៏មានសប្បុរសជនជួយកសាងសាលារៀនបាន ១ខ្នងបន្ថែមទៀត ដោយបានបញ្ចុះបឋមសិលានាថ្ងៃនេះ។

លោកបានបន្តថា សាលារៀន១ខ្នងនេះ ដែលចាប់ផ្តើមសាងសង់នាពេលនេះមានបណ្តោយ ៣២ម៉ែត្រ និងទទឹង ៩ម៉ែត្រ ស្មើរនិង៤បន្ទប់ ជាអំណោយរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ច ពិសេសហ្គីហ្គារីសោស ដែលមានទីតាំងនៅឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

លោកស្រី ម៉ែន សំអន បានណែនាំក្រុមជាងសំណង់ទាំងអស់ ត្រូវធ្វើយ៉ាងណាសាងសង់អគារសាលារៀននេះបានរឹងមាំ ស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីប្រើប្រាស់បានយូរអង្វែង មិនតែប៉ុណ្ណោះសាលារៀន១ខ្នងនេះ ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដ៏សំខាន់សម្រាប់ក្មួយៗនៅជនបទ បានសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា ក្លាយខ្លួនជាទំពាំងស្នងឫស្សី នៃប្រទេសជាតិប្រកបដោយចំណេះជំនាញពិតប្រាកដ។

នៅក្នុឱកាសនោះដែរ លោកស្រី ម៉ែន សំអន ក៏បានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់ គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជាទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន ២នាក់ទៀត៕