(រតនគិរី)៖ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តរតនគិរី នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ មានរៀបចំបើកវគ្គបំប៉នជំនាញទូទៅរយៈពេលខ្លី ដល់មន្ត្រីដែលទើបតាំងស៊ប់៨១រូប (ស្រី១៧រូប) ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី។

ក្នុងពិធីនេះក៏មានចូលរួមពីស្នងការរង អនុប្រធានផែន នាយការិយាល័យ និងអធិការក្រុងស្រុកទាំង៩។

លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវតែគោរពឲ្យបាននូវវិន័យកងកម្លាំងឲ្យបានខ្ជាប់ខ្ជួន ស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត កាត់សក់ខ្លីជានិច្ច បម្រើប្រទេសជាតិ និងផ្តល់សេវាជនប្រជាពលរដ្ឋឲ្យបានល្អមិនថាយប់ ថ្ងៃនោះទេ។

បន្ថែមលើនេះ លោកឧត្តមសេនីយ៍ស្នងការ សុំឲ្យកម្លាំងទាំងអស់ចូលរួមថែរក្សាសុខភាពដោយពាក់ម៉ាស់ លាងដៃនឹងអាកុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ សូមបញ្ជាក់ថា ក្នុងពិធីនេះ ក៏មានបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីទើបតាំងស៊ប់ថ្នាក់អនុសេនីយ៍ត្រីចំនួន៣១រូប និងថ្នាក់ព្រិន្ទបាលទោ៥០រូបផងដែរ៕