(ភ្នំពេញ)៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា នៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាព្រះមហាប្រាសាទខេមរិន្ទ ព្រះបរមរាជវាំង។
ពិធីនេះ ប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៤កេីត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ សម្តេចចៅហ្វាវាំង គង់ សំអុល បានទូលថ្វាយនូវព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ ជីវិតលើត្បូង និង សម្តេចព្រះវររាជមាតា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលតែងតែព្រះរាជកិច្ច ដើម្បីបុព្វហេតុមនុស្សធម៌ ជួយប្រជានុរាស្រ្តរងគ្រោះ ងាយរងគ្រោះប្រជាពលរដ្ឋតាមតំបន់ដាច់ស្រយាលគ្រប់ទីកន្លែង និងតែងបានប្រោសប្រទានព្រះរាជូបត្ថម្ភនូវ ព្រះរាជទ្រព្យ ជារៀងរាល់ត្រីមាស រៀងរាល់ខែ និងក្នុងឱកាសផ្សេងៗទៀតដល់កាកបាទក្រហមកម្ពុជា ដូចជានៅពេលថ្មីៗនេះ ក្នុងទិវា ៨ឧសភា ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង បានប្រោសប្រទាន ព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ និងសម្តេចព្រះវររាជមាតា បានព្រះរាជូបត្ថម្ភព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ។
ជាមួយនឹងការទូលថ្វាយរបាយការណ៍ ស្តីពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា សម្តេចចៅហ្វាវាំង គង់ សំអុល បាននាំមកនូវតង្វាយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាថវិកាចំនួន ៥០ម៉ឺនដុល្លារ ថ្វាយព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និង ៥០ម៉ឺនដុល្លារ ថ្វាយ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ដើម្បីរួមវិភាគទានដល់ព្រះរាជសកម្មភាពមនុស្សធម៌ ដ៏ប្រពៃថ្លៃថ្លានៃព្រះអង្គទាំងទ្វេ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្តេចចៅហ្វាវាំង គង់ សំអុល បានសម្តែងនូវគារវភក្តីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះមហាករុណាទិគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមប្តេជ្ញាដង្ហែតាមលំអានព្រះរាជវីរគំរូដ៏ប្រពៃថ្លៃថ្លានៃ ព្រះករុណាព្រះមហាក្សត្រជាអម្ចាស់ជីវិតលើត្បូង និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជារៀងដរាប។
ស្ថិតក្នុងឱកាសនោះដែរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ បានសព្វព្រះរាជហឫទ័យប្រោសប្រទាន នូវសាប៊ូដុំចំនួន ៣០កេស ដល់កាកបាទក្រហមកម្ពុជា ដើម្បីបន្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតផងដែរ៕