(សៀមរាប)៖ គ្រួសាររងគ្រោះដោយសាររលំផ្ទះ របើកដំបូល និងរងរបួស ដោយសាខ្យល់កន្ត្រាក់ចំនួន ៦៦គ្រួសារ មកពីស្រុកស្វាយលើ និងស្រុកសូទ្រនិគម ខេត្តសៀមរាប បានទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ នៅបរិវេណសាលាឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោកស្រី ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាប ចុះចែកអំណោយជូនបងប្អូនគ្រួសាររងគ្រោះទាំង ៦៦គ្រួសារ ដែលក្នុងនោះ មកពីស្រុកសូទ្រនិគម ចំនួន ៥៩គ្រួសារ (រលំផ្ទះទាំងស្រុង ១០គ្រួសារ, ផ្ទះរងការខូចខាតធ្ងន់ ៤៩គ្រួសារ) និងរងរបួសម្នាក់ និងស្រុកស្វាយលើ មានចំនួន ៧គ្រួសារ (រលំផ្ទះទាំងស្រុង ១គ្រួសារ និងផ្ទះខូចខាតធ្ងន់ ៦គ្រួសារ)។
ប្រធាននៃអនុសាខាកាកបាទក្រហម ស្រុកសូទ្រនិគម និងលោកស្រី ទាង អេង ទៀសីហា បានសំណេះសំណាលរួចមក នាឱកាសនោះ លោកវេជ្ជបណ្ឌិត អ៊ុយ សំអាត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្ដេច តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់បំផុត ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកក៏បានសម្ដែងនូវការសោកស្ដាយ ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ លោកបានបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់បងប្អូន តែក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិត។ ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
ក្នុងនោះដែរលោក ក៏បានបានសំណូមពរដល់បងប្រជាពលរដ្ឋរងគ្រោះទាំងអស់ ត្រូវយកចិត្តទុកដាក់តាមដានព័ត៌មានពីការប្រែប្រួលអាកាសធាតុ របស់ក្រសួងធនធានទឹកនិងឧតុនិយម និងត្រូវត្រៀមបង្ការចំពោះ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលអាចកើតឡើងជាយថាហេតុ។ ម៉្យាងទៀតក្នុងពេលចំពោះមុខនេះ សូមមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការឆ្លងជំងឺងឺកូវីដ-១៩ និងត្រូវស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលសំខាន់ត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ លាងដៃនឹងទឹកសាប៊ូឱ្យបានស្អាតជាប្រចាំ ឬអាល់កុល ជែល និងពាក់ម៉ាស (ក្នុងទីសាធារណៈ) ឬប្រើក្រម៉ា និងក្រដាសជូតមាត់ខ្ទប់មាត់ពេលក្អក ឬកណ្តាស់ និងរក្សាគម្លាតសុវត្ថិភាព។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនរួមមាន ក្នុងមួយគ្រួសារៗ ទទួលបាន៖ មុង១, ភួយ១, សារុង១, ក្រមា១, តង់១, មី១កេស, ត្រីខ១យួរ, អង្ករ ៣០គីឡូក្រាម។ ក្នុងនោះគ្រួសាររលំផ្ទះ និងអ្នករងរបួស ទទួលបានថវិកា ២សែនរៀល និងគ្រួសារផ្ទះខូចខាតធ្ងន់ ទទួលបានថវិកាចំនួន ១សែនរៀល ផងដែរ៕