(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០នេះ បានបន្ដចេញសេចក្ដីណែនាំ ចំនួន០៧ចំណុច ជូនរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីបន្ដអប់រំសុខភាពជូនប្រជាពលរដ្ឋ និងការពង្រឹងការងារតាមដាន ការអនុវត្តវិធានការការពារ រលកទី២ នៃជំងឺ COVID-19។
ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដូចខាងក្រោម៖
* ទី១៖ ត្រូវបន្តចាត់តាំងកម្លាំង ដើម្បីផ្សព្វផ្សាយអប់រំ និងណែនាំប្រជាពលរដ្ឋដែលរស់នៅ និងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេសកម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រនានា ក្នុងរាជធានីភ្នំពេញ ឲ្យអនុវត្តនូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 និងកែប្រែឥរិយាបថ នៃការរស់នៅប្រចាំថ្ងៃ ឲ្យស្របតាមបរិបទ នៃការប្រយុទ្ធនឹងមេរោគ COVID-19 ដោយត្រូវលាងដៃជាប្រចាំពាក់ម៉ាស់ ឬប្រើប្រាស់ក្រមា និងត្រូវខ្ទប់មាត់ នៅពេលក្អក ឬកណ្ដាស់ ព្រមទាំងត្រូវបន្តអនុវត្តគម្លាត សុវត្ថិភាពសង្គម និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។
* ទី២៖ ត្រូវបន្តហាមឃាត់ការជួបជុំ ឬការប្រមូលផ្ដុំ ដូចជាកម្មវិធីជប់លៀង ឬការជួបជុំបែបសាសនាទាំងអស់។ល។ នៅក្នុងមូលដ្ឋាន រហូតដល់ខែកញ្ញា ឆ្នាំ២០២០។
* ទី៣៖ ត្រូវចុះត្រួតពិនិត្យ និងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឲ្យអនុវត្ត វិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល មេរោគ COVID-19 ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ខាងលើ ត្រូវរៀបចំដែល ឬអាល់កុលលាងដៃ នៅមុខច្រកទ្វារចេញ-ចូល និងត្រូវចាត់តាំងបុគ្គលិក ឲ្យធ្វើការវាស់ កម្ដៅភ្ញៀវទាំងអស់មុននឹងអនុញ្ញាតឲ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ។ ក្នុងករណីដែលម្ចាស់ទីតាំង អាជីវកម្មខាងលើ មិនអនុវត្តតាមការណែនាំទេនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបិទអាជីវកម្មជាបណ្ដោះអាសន្ន។
* ទី៤៖ ត្រូវបន្តចុះត្រួតពិនិត្យ និងតាមដានការអនុវត្តនូវវិធានការផ្អាកជាបណ្ដោះអាសន្ននូវទីតាំងអាជីវកម្មមួយ ចំនួនដូចជា ក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្តូតែក បៀរហ្គាឌិន) អាជីវកម្មម៉ាស្សាសុខភាព និងស្មៅ។
* ទី៥៖ ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋ ដែលទើបអញ្ជើញមកពីក្រៅប្រទេស និងណែនាំឲ្យពួកគាត់ធ្វើចត្តាឡីស័ក និងតាមដានសុខភាពផ្ទាល់ខ្លួនជាចាំបាច់ ក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីសង្ស័យ ឬមានអាការៈមិនស្រួលខ្លួន ដូចជាក្ដៅខ្លួន ក្អក ឈឺបំពង់ក ឬពិបាកដកដង្ហើម ត្រូវទៅពិនិត្យព្យាបាលជំងឺនៅ មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតជាបន្ទាន់ ឬត្រូវទំនាក់ទំនងតាមទូរសព្ទទៅលេខ១១៥។
* ទី៦៖ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើចត្តាឡីស័កតាមផ្ទះ ដែលបញ្ជូនមកពីមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែក និងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋ ដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កទាំងអស់ ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ និងត្រូវរៀបចំចាត់ចែងការងារបន្ត ដោយផ្អែកលើលទ្ធផល នៃការតាមដានសុខភាព។
* ទី៧៖ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគ COVID-19 ផ្សេងទៀត របស់ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធនានា ដែលកំពុងនៅជាធរមាន៕