(ភ្នំពេញ)៖ ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុបបានឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារអាមេរិក ដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក្នុងគោលបំណងបម្រើសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ។
នៅក្នុងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ លោក XU ZHIXING អភិបាល និងជាអគ្គលេខាធិការ នៃក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប បានប្រគល់ថវិកានេះ ជូនដល់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។ លោក គួច ចំរើន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសកម្មភាពសប្បុរសធម៌ របស់ក្រុមហ៊ុនព្រីនស៍ ហូល ឌីង គ្រុប។
កាកបាទក្រហមកម្ពុជា ជាអង្គការមនុស្សធម៌ធំជាងគេនៅកម្ពុជា និងជាស្ថាប័នសាធារណៈសម្រាប់បម្រើសកម្មភាពមនុស្សធម៌ ដែលត្រូវបានទទួលស្គាល់ ដោយរាជរដ្ឋាភិបាលកម្ពុជា។ ឆ្នាំនេះ គឺជាខួបទី ១៥៧ ទិវាពិភពលោក កាកបាទក្រហមនិងអឌ្ឍចន្ទក្រហម ទោះបីព្រឹត្តិការណ៍នេះ ត្រូវបានលុបចោលដោយសារផលប៉ះពាល់ នៃជំងឺកូវិដ-១៩ ក៏ដោយ ក៏ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នៅតែគាំទ្រដល់ការងារមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដោយខិតខំប្រឹងប្រែងប្រមូលថវិកា និងជួយជម្រុញដល់ការងារសប្បុរសធម៌ នៅខេត្តព្រះសីហនុដែរ។ គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុបបានឧត្ថម្ភថវិកាសរុបប្រមាណជាង ១.៥ លានដុល្លារអាមេរិកដល់កាកបាទក្រហមកម្ពុជា។
ខេត្តព្រះសីហនុ ទទួលបានការចាប់អារម្មណ៍ជាសកលជុំវិញការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសតែមួយគត់ នៅក្នុងប្រទេសកម្ពុជា និងជាកំពង់ផែសមុទ្រទឹកជ្រៅធំជាងគេ នៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ ខេត្តព្រះសីហនុ ក៏ជាផ្នែកមួយដ៏សំខាន់នៃគម្រោងអភិវឌ្ឍន៍ត្រីកោណមាស «ភ្នំពេញ - សៀមរាប - ខេត្តព្រះសីហនុ» នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុបផងដែរ។ ក្នុងនាមជាសហគ្រាសឈានមុខគេក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំផែនការនិងដាក់ចេញនូវគម្រោងជាច្រើន នៅខេត្តព្រះសីហនុ ដែលក្នុងនោះរួមមានគម្រោងព្រីនស៍ ធាន ស៊ី វ៉ាន គម្រោងព្រីនស៍ អាយធី បៀលឌីង គម្រោងព្រីនស៍ ស៊ីធី សេនធើ សណ្ឋាគារព្រីនស៍ ថាម ហូថេល និងគម្រោងផ្សេងទៀតជាច្រើន។ នាពេលខាងមុខ ក្រុមហ៊ុននឹងរៀបចំទីនេះ ឲ្យក្លាយជាតំបន់ចង្កោមឧស្សាហកម្មខ្នាតធំមួយ ដោយរួមបញ្ចូលការសម្រាកកម្សាន្ត វិស្សមកាលទេសចរណ៍ សណ្ឋាគារលំដាប់ខ្ពស់ តំបន់ធុរកិច្ចអន្តរជាតិ និងកន្លែងស្នាក់នៅដែលមានគុណភាពខ្ពស់ ក្នុងគោលបំណងជួយជម្រុញខេត្តព្រះសីហនុ ឲ្យក្លាយទៅជារមណីយដ្ឋានឆ្នេរសមុទ្រ លំដាប់ថ្នាក់អន្តរជាតិ។
ចាប់ពីការពង្រីកវិសាលភាពអាជីវកម្មជាលំដាប់ ការជួយជម្រុញខេត្តព្រះសីហនុឲ្យមានការអភិវឌ្ឍបន្ថែមមួយកម្រិតទៀត រហូតដល់សកម្មភាពសប្បុរសធម៌ ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាច្រើន ក្នុងខេត្តព្រះសីហនុ សុទ្ធតែជាចក្ខុវិស័យនៃការដឹកនាំរបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប។ ក្នុងនាមជាសហគ្រាសឈានមុខគេ ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប ប្តេជ្ញាចូលរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ នៅថ្ងៃខាងមុខ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប នឹងបន្តតួនាទីជាអ្នកដឹកនាំ ក៏ដូចជាអ្នកអនុវត្តការងារសប្បុរសធម៌នៅកម្ពុជា ដើម្បីតបស្នងដល់សង្គមកម្ពុជា។ យើងរួមគ្នាកសាងប្រទេសកម្ពុជា ឲ្យកាន់តែប្រសើរ៕