(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញក្រុងពាលីឈូសឆាយពង្រាយដី សម្រាប់សាងសង់ទីលានបាញ់កាំភ្លើងទ័ពជើងគោកអាស៊ាន និងសាងសង់ស្ថានីយ៍ផលិតទឹកស្អាតបន្ថែម សម្រាប់ប្រើប្រាស់នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ។

ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ស្ថិតក្នុងភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងមានការ អញ្ជើញចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ ស្នងការរង នាយកវិទ្យាស្ថាន នាយកមជ្ឈមណ្ឌល មេបញ្ជាការអន្តរាគមន៍ នាយការិយាល័យ នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថជាច្រើនរូប។

លោកឧត្តមសេនីយ៍ត្រី អេង ហ៉ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ឱ្យដឹងថា ទីតាំងខាងលើនេះ គឺសាងសង់ឡើងឡើង ដើម្បីសម្រាប់ធ្វើជាទីលានបាញ់គ្រាប់ពិតកងទ័ពជើងគោកអាស៊ាន ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា សម្រាប់ទីលានបាញ់គ្រាប់ពិតនេះ ធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់នាយឧត្តមសេនីយ៍ សៅ សុខា ដែលបានស្នើទៅអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ដោយបានជ្រើសរើសទីតាំងភ្នំជំរាយនេះ ធ្វើជាកន្លែងបាញ់គ្រាប់ពិតតែម្តង។

បើតាមអ្នកនាំពាក្យ ការរៀបចំទីលានបាញ់គ្រាប់ពិតនេះ គឺមានការចូលរួមជួយឧត្ថម្ភពីសំណាក់សប្បុរសជន, រដ្ឋាភិបាលចិន ក៏ប៉ុន្តែសម្រាប់ការចំណាយលើការពង្រាបដី កសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក គឺជាការចំណាយរបស់រាជរដ្ឋាភិបាលខ្ទង់លានដុល្លារ។

លោកថា នៅតំបន់ភ្នំជំរាយនេះ ពីមុនមកមានដីខ្ពស់ទាប មិនស្មើផង តែពេលនេះត្រូវបានកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ទឹក ភ្លើង ប្រព័ន្ធលូទឹក អាគារសិក្សា អគារស្នាក់នៅ ទីចាត់ការ សាលពហុសិក្សា វេទិកា តារាងបាល់ទាត់ ទីលានបាញ់គ្រាប់ពិត ។ល៕